សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៧:១៥ នាទីថ្ងៃទី០៧ខែ សីហាឆ្នាំ២០២២ស្ថិតនៅភូមិ ទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប មានករណីបុរសកម្មករសំណង់ម្នាក់បានដើរទៅដកយកទូរស័ព្ទដែលកំពុងសាកថ្ម ក្នុងការដ្ឋានស្ថានីយសក់សាំង១កន្លែងដោយមិនបានប្រុងប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។


សមត្ថកិច្ចបានឲ្យដឹងថា សាកសពកម្មករសំណង់នោះមានឈ្មោះណេប់ ភាណិត ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ គោកឫស្សី ឃុំកែវពណ៌ ស្រុកពួក។
សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ព្រះ ស្រី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ហ៊ុន ហ៊ាប ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មេការសំណង់ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា វេលាម៉ោង១៦ និង០០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ខ្លួននិងកម្មករផ្សេងទៀតបានកំពុងធ្វើការងារ ភា្លមនោះមេឃចាប់ផ្តើមធ្លាក់ភ្លៀងក៏នាំគ្នាសម្រាកនៅក្នុងការរដ្ឋាន ក៏ស្រាប់តែមានកម្មករម្នាក់ឈ្មោះ ណេប់ ភាណិត (សព) បានយកទូរសព្ទរបស់គាត់ទៅសាកថ្ម នៅចំនុចជាប់និងជញ្ជាំងរបងផ្ទះ ក្នុងការដ្ឋានដោយដោតសាកថ្មទុកចោលនៅទីនោះរួចគាត់ទៅធ្វើការងារ របស់គាត់វិញ។មួយសន្ទុះគាត់បានដើរទៅយកទូរសព្ទគាត់នៅកន្លែងសាកថ្មខាងលើ ដោយខ្លួនរបស់គាត់សើម និងពុំមានពាក់ស្បែកជើង ពេលដែលគាត់បានចាប់យកទូរសព្ទរបស់គាត់ក៏ស្រាប់តែ ឆក់ជាប់ភ្លាមៗ នោះមេជាង ឈ្មោះ ហ៊ុន ហ៊ាប បានរត់ទៅទាញបិទកុងតាក់អគ្គិសនី ហើយនាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គោះនៅមន្ទីរពេទ្យមួយកន្លែងតាមបណ្តោយផ្លូវ៣០ម៉ែត្រតែត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុក៏បានប្រគល់សពជូនក្រុមគ្រួសារហើយគាត់បានទទួលស្គាល់ថាសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងដោយខ្លួនឯងពិតប្រាកដមែន ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ និងការពិនិត្យ សាកសព គឺស្លាប់ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖AFN




