ខេត្តមណ្ឌលគិរី៖សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុន«ដារ៉ា ស៊ីធីហ្គាស» ផ្ទុកហ្គាសប្រមាណ២៧តោន ជ្រុលចង្កូតបុករះតូប និងផ្ទះពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៧៦អស់ចំនួន៣ខ្នងបណ្តាលឲ្យពលរដ្ឋរបួសស្រាលតែបាត់ខ្លួនអ្នកបើកបររថយន្ត។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២៖១៥នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយរថយន្តវេអងសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 3E-4191 ដឹកហ្គាសល្បឿនលឿនចំណុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់ ។សមត្ថកិច្ចនៅមិនទាន់អាចស្ទូចរថយន្តគ្រោះថ្នាក់នោះទេ ដោយសារស្ថានភាពនៃគ្រោះថ្នាក់នោះ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាសពេញ ដូច្នេះត្រូវរង់ក្រុមហ៊ុន និងអ្នកជំនាញ និងរថយន្តស្ទួចខ្នាតធំមកពីភ្នំពេញ ដើម្បីលើករថយន្តនោះចេញ និងបន្តពិនិត្យពីផលប៉ះពាល់ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។
សមត្ថកិច្ចប្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចកំពុងបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៍នៅទីតាំងកើតហេតុផ្ទាល់ បើមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ពុំទាន់មានតម្រុយណាមួយ ពីសមត្ថកិច្ចថា តើវាសនាសង្ខារបស់អ្នកបើកបររថយន្តឬស្លាប់នៅក្នុងរថយន្តគ្រោះថ្នាក់នោះទេ ដោយសារតែមេឃងងឹតនិងភ្លៀងខ្លាំងផងដែរ៕ដោយ៖AFN





