ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង បានអុជធូបសែន រួចចេញទៅក្រៅផ្ទះរួចក៏ឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុល បណ្ដាលឲ្យឆេះហាង បង្កភ្ញាក់ផ្អើល សំណាងល្អបាននគរបាលចរាចរណ៍ចិត្តធម៌២នាក់ប្រចាំការក្បែរកន្លែងកើតហេតុនោះ ជួយពន្លត់ទាន់។ហេតុការណ៍នេះវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ មានករណីអគ្គិភ័យ ក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។


លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ករណីគ្រោះអគ្គិភ័យ បានកើតឡើង កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅជួយពពន្លត់ ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង។លោកបញ្ជាក់ថា ក្នុងហេតុការណ៍ឆេះនេះមានមន្ត្រីចរាចរណ៍ចំនួននាក់ដែលប្រចាំការនៅ ស្តុបសារៈមន្ទីរដែលមានឆន្ទះនិងស្មារតីគោរពស្រឡាញ់ ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានមើលឃើញផ្សែងខ្មៅ ពួកគាត់ មិនប្រកាន់តួនាទីនិងភារកិច្ចបាននាំគ្នារត់ទៅកន្លែងកើតហេតុពិនិត្យមើលឃើញថាមានភ្លើងឆេះក្នុងផ្ទះល្វែង១ខ្នងដែលម្ចាស់ផ្ទះមិននៅព្រោះឃើញទ្វារចាក់សោរខាងក្រៅ។


គ្រានោះគាត់បានរាយការណ៍មកមេវេនរួចក៏នាំគ្នាវ៉ៃសោរចូលទៅក្នុង ពេលវ៉ៃសោររបើកហើយក៏យកបំពង់អគ្គិភ័យអ្នកជិតខាងនិងបំពង់អគ្គិភ័យដែលលោកស្នងការបំពាក់នឹងម៉ូតូរបស់ក្រុមអន្តរាគមន៍នគរបាលចរាចរណ៍ ទៅបាញ់ពន្លត់នៅក្នុងផ្ទះ ស្របគ្នាពេលនោះក៏មានរថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបទៅដល់ផងដែរ។លោកបន្ថែមថា ដោយមានកិច្ចសហការគ្នាល្អ អគ្គិភយ័ដែលឆាបឆេះនោះបានរលត់ទាំងស្រុងទៅវិញនៅម៉ោង ១២និង២៥នាទីថ្ងៃខែដដែល។
លោកបញ្ជាក់ទៀតថា ករណីអគ្គិភ័យនេះ គឺបណ្តាលមកពី អុជធូបសែន ហើយម្ចាស់មិននៅផ្ទះ រួចឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុល បណ្ដាលឲ្យមានអណ្ដាតភ្លើងកើតឡើង៕ដោយ៖សេរី




