ខេត្តរតនគិរី៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១០ខែសីហា ឥឡូវអាវុធហត្ថខេត្ត បានរកឃើញសាកសពហើយ នៅត្រង់ចំណុចអូរសូ ក្នុងឃុំក្បាលរមាស ខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ដោយសភាពហើម។


សូមរម្លឹកថា កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចចម្លងទូកដរ ភោគ បូរិទ្ធ ស្ថិតនៅក្នុងភូមិ៥(សង្គម) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ករណីលិចទូកដរបណ្តាលមកពីផ្ទុកមនុស្សលើសចំណុះ ដល់ទៅ១២នាក់ ក្នុងនោះស្រី៦នាក់និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរគួចខ្លាំង ធ្វើឲ្យទូកលិច។ ដោយទូកដរនោះតូច ហើយដាក់មនុស្សច្រើន ថែមទាំងម៉ូតូ៤គ្រឿងផងដែរ។សមត្ថកិច្ចបន្តថា ក្នុងហេតុការនោះបណ្តាលឲ្យបាត់ខ្លួនបុរសម្នាក់ ចំណែកមនុស្ស១១នាក់ផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះឲ្យរួចផុតពីស្លាប់ ជនរងគ្រោះបានបាត់ខ្លួននោះ មានឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី លិចបាត់ម៉ូតូអស់៤គ្រឿង។


មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ម្ចាស់ទូកដរចម្លងបណ្តាលឲ្យមនុស្សម្នាក់បានបាត់បង់អាយុជីវិត និងម៉ូតូលិចបាត់៤គ្រឿង មានសំណងទៅលើជនរងគ្រោះដែរឬទេ ខណ:ម្ចាស់ទូកដរ មានការធ្វេសប្រហែសមិនមានអាវពោង សម្រាប់ពាក់ការពារខ្លួន ដើម្បីឆ្លងទូកដរឲ្យពួកគាត់មានសុវត្ថិភាព៕ដោយ៖សេរី




