Saturday, May 11, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនគ្រូពេទ្យគ្មានសញ្ញាប័ត្រម្នាក់ ករណីព្យាបាលអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់

ខេត្តសៀមរាប៖ចាប់ខ្លួនស្ត្រីគ្រូពេទ្យតាមភូមិដែលគ្មានសញ្ញាប័ត្រម្នាក់ ករណីទទួលព្យាបាលអ្នកជំងឺស្លាប់មួយចំហៀងខ្លួនម្នាក់ដោយតម្រូវបង់លុយ៣លានរៀល ហើយអ្នកជំងឺកាន់តែរហូតឈឺធ្ងន់ រហូតដល់ស្លាប់ខណៈបញ្ជូនដល់មន្តីរពេទ្យ។

   សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២២នេះថា ក្រុមការងារបានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ឈ្មោះ វ៉ន ស្រី អាយុ ៥២ឆ្នាំ មុខរបរ ពេទ្យបុរាណ មានទីលំនៅបច្ចុប្បន្នភូមិទឹកលិច ឃុំបបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបានប្រព្រឹត្តបទល្មើស ករណីឃាតកម្មដោយអចេតនា (ព្យាបាលគ្មានវិជ្ជាជីវផ្នែកវេជ្ជាសាស្ត្រ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ) កើតហេតុនៅវេលាម៉ោង១៣:០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិឃុំខាងលើ។

    សមត្ថកិច្ចបន្ថែមថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី ជនរងគ្រោះឈ្មោះ សេង ត្រេត ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប មានជម្ងឺស្លាប់មួយចំហៀងខ្លួន ផ្នែកខាងឆ្វេង (ដៃឆ្វេងកំរើកមិនកើត តែជើងខាងឆ្វេងនូវកំរើក និងដើបានតិចៗ) បានចូលទៅរកសេវាព្យាបាលនៅចំណុចផ្ទះរបស់គ្រូពេទ្យបុរាណមួយឈ្មោះ វ៉ន ស្រី ពុំមានយីហោ ស្ថិតនៅភូមិឃុំខាងលើ ដោយការព្យាបាលនោះគ្រូពេទ្យបានប្រើប្រភេទថ្នាំលេប និងថ្នាំចាក់។ ក្នុងនោះគ្រូពេទ្យរូបនេះបានចាក់ថ្នាំឲ្យជនរងគ្រោះក្នុងមួយថ្ងៃម្តង នៅវេលាម៉ោង ១៨:០០ល្ងាច ចន្លោះពី ៧ម្ជុល ទៅ ១១ម្ជុល។ ជាក់ស្តែងនៅថ្ងៃ០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០ល្ងាច គ្រូពេទ្យបានចាក់ថ្នាំឲ្យជនរងគ្រោះចំនួន ៧ម្ជុល លុះព្រឹកស្អែកឡើងវេលាម៉ោង ១១:០០នាទី ក្រោយហូបនំបុ័ង និងបាយថ្ងៃត្រង់រួច ស្រាប់តែជនរងគ្រោះឈ្មោះ សេង ត្រេត មានអាការដង្ហក់ខ្យល់ ហត់ខ្លាំង ពិបាកដកដង្ហើម ពោះឡើងធំខុសពីធម្មតា ភា្លមនោះគ្រូពេទ្យឈ្មោះ វ៉ន ស្រី បានជួលឡានដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបបង្អែកស្រុកសូទ្រនិគម តែពេលទៅដល់មន្ទីពេទ្យ មិនបានចូលបន្ទប់សង្គ្រោះផងស្រាប់តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានសហការ ចុះពិនិត្យសព និងស្រាវជ្រាវ។បើតាមការស្តាប់បំភ្លឺរបស់សាក្សីឈ្មោះ លៀម លោះ ភេទប្រុស អាយុ ៣២ឆ្នាំ បានបំភ្លឺថា ខ្លួនជាអ្នកជម្ងឺម្នាក់ដែលមករកសេវាព្យាបាលពីគ្រូពេទ្យបុរាណឈ្មោះ វ៉ន ស្រី  ហើយបានសម្រាកនៅគ្រែក្បែនិងជនរងគ្រោះឈ្មោះ សេង ត្រេត ភេទស្រី អាយុ ៣១ឆ្នាំ ដោយខ្លួនបានឃើញគ្រូពេទ្យបានចាក់ថ្នាំឲ្យអ្នកជម្ងឺជាច្រើនម្ជុល ក្នុងមួយថ្ងៃៗ។

នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះមានសភាពធម្មតា លុះដល់វេលាម៉ោង១១:០០នាទី ស្រាប់តែជនរងគ្រោះមានអាការដង្ហខ្យល់ ហត់ខ្លាំង ពិបាកដងដង្ហើម ទើបគ្រូពេទ្យឈ្មោះ វ៉ន ស្រី បានបញ្ជូនទៅសង្គ្រោះតែបានដាច់ខ្យល់ស្លាប់ពេលទៅដល់មុខមន្ទីពេទ្យ។សមត្ថកិច្ចបន្ថែមថា តាមការស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ វ៉ន ស្រី ហៅក្រៅ យាយ ឆាលី ភេទ ស្រី  អាយុ  ៥២ឆ្នាំ បានឲ្យដឹងថា នៅអំឡុងឆ្នាំ១៩៨២ ខ្លួនបានរៀនចប់ចំណេះដឹងទូទៅថ្នាក់ទី៩ នៅវិទ្យាល័យស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានបន្តសិក្សាផ្នែកវិជ្ជសាស្រ្ត នៅខណ្ឌចំការមន នៅមន្ទីរពេទ្យចិន កម្រិតពេទ្យបឋម ផ្នែកសម្ភព រយះពេល០៣ឆ្នាំ ប៉ុន្តែពុំទទួលបានសញ្ញាបត្រនោះទេ ។ ក្រោយពីបញ្ចប់ការសិក្សា ខ្លួនមិនបានចូលបម្រើការងារ នៅមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋណាមួយក្នុងប្រទេសកម្ពុជានោះទេ។ ក្រោយមក នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០០៧ ខ្លួនបានមករស់នៅខេត្តសៀមរាប ប្រកបរបរ ចាក់ថ្នាំឲ្យអ្នកជម្ងឺ ខ្វិនដៃជើង និងស្លាប់មួយចំហៀងខ្លួនជាដើម ព្យាបាលមានតាមរបៀបបុរាណ និងថ្នាំពេទ្យ ថ្នាំចាក់ គ្មានការប្រើប្រាស់សេរ៉ូមនោះទេ ប៉ុន្តែមិនមានការទទួលស្គាល់ពីគណៈគ្រូពេទ្យខេត្តសៀមរាប និងស្នើសុំច្បាប់អនុញ្ញាត្តិណាមួយនោះដែរ។

ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ខ្លួនបានទទួលព្យាបាលជនរងគ្រោះឈ្មោះ សេង ត្រេត ភេទស្រី អាយុ៣១ឆ្នាំ មកពីស្រុកអង្គរជុំ ដែលអ្នកជម្ងឺបានប្រាប់ថា ជើងស្ពឹក នឹងដៃលើកមិនរួច ខ្លួនបានឲ្យជនរងគ្រោះថា សម្រាកព្យាបាលរយៈពេល០៦ខែ និងបង់ថ្លៃសេវ៉ាព្យាបាលជាមុនសរុបចំនួន ៣០០០០០០រៀល (បីលានរៀលគត់)។  នៅថ្ងៃទី ០៧ និងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ រៀងរាល់វេលាម៉ោង ១៨ និង០០នាទី ខ្លួនបានព្យាបាលជូនជនរងគ្រោះខាងលើ ដោយប្រើប្រាស់ប្រភេទថ្នាំបញ្ជូលខ្លួនអ្នកជម្ងឺ (ត្រគាក) ដោយចាក់ឲ្យជនរងគ្រោះចន្លោះសរុបចំនួនពី ០៧ ទៅ ១១ម្ជុលក្នុងមួយថ្ងៃ ។ លុះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ រហូតដល់វេលាម៉ោងប្រហែល១១ និង០០នាទី ខ្លួនមិនបានចាក់ថ្នាំ ឲ្យអ្នកជម្ងឺនៅឡើយទេ ដោយជនរងគ្រោះ មានអាការះហត់ខ្លាំង ពិបាកដកដង្ហើម ខ្លួនបានប្រើប្រាស់ ឧបករណ៍ឆ្ពង់ ដោយទឹកសារ៉ូមប្រៃ ដើម្បីសម្រួលដល់ការដកដង្ហើមរបស់ជនរងគ្រោះ ដោយអាការៈជនរងគ្រោះមិនធូរស្រាល និងមានតឹងពោះខ្លាំង ខ្លួនបានរករថយន្តឈ្នួលដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។

ពេលដឹកដល់មន្ទីរពេទ្យមិនទាន់បានបញ្ជូនចូលបន្ទប់សង្គ្រោះ ជនរងគ្រោះបានកន្រ្តាក់ដៃជើង ហើយក៏លែងមានដង្ហើម និងមានចលនា ក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។ កន្លងមកខ្លួនធ្លាប់ត្រូវបានប្រធានមណ្ឌលសុខភាពស្រុកស្វាយលើ ប្រាប់ឲ្យបញ្ឈប់ សកម្មភាពព្យាបាល ជូនអ្នកជម្ងឺគ្រប់រូបភាព ប្រហែល០៤លើក ប៉ុន្តែខ្លួនមិនបានឈប់នោះទេ​ហើយជនសង្ស័យទទួលស្គាល់ថា សកម្មភាពរបស់ខ្លួន ជាអំពើខុសច្បាប់។

    បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះបានបញ្ជូនស្ត្រីគ្រូពេទ្យបុរាណដែលគ្មានអជ្ញាបណ្ណត្រឹមត្រូវខាងលើ ទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ជុំវិញករណីនេះដែរមហាជនស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធមេត្តាបង្កើនការចុះពិនិត្យកន្លែងលក់ថ្នាំពេទ្យនិងគ្រូពេទ្យតាមភូមិមួយចំនួនដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវហើយបាននឹងកំពុងលក់ថ្នាំពេទ្យនិងព្យាបាលអ្នកភូមិយកលុយយ៉ាងគគ្លើនដោយគ្មានខ្លាចញញើតផ្លូវច្បាប់សោះឡើយ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម