Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព្រឹត្តិការណ៍ជិះកង់ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំទី៨ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានអោយដឹងថា អ្នកចូលចិត្តកីឡាជិះកង់ ប្រមាណជាង ១.០០០នាក់ បានរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់លើកទី៨ របស់ខ្លួនឡើងវិញ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ដោយចាប់ផ្តើមចេញពីគ្រឺះស្ថានអង្គរផ្លូវ៦០ម៉ែត្រក្រុងសៀមរាប ជិះកាត់ផ្លូវក្នុងព្រៃឆ្ពោះទៅកាន់រមណីយដ្ឋានតំបន់អង្គរ។

ព្រឹត្តិការណ៍នេះរៀបចំឡើងគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា សហការជាមួយក្រុមហ៊ុន ខេមបូឌាសាយភ្លើង ក្រុមហ៊ុន ចាយ៉ាខេតធើរីង ក្រុមហ៊ុនត្រាវែលលូប និង ហាងលក់ឬជួលកង់ អាំង គឹមសាន្ដ ក្នុងគោលបំណងរៃអង្គាសថវិកា ពីសាធារណជន វិស័យឯកជន និងស្ថាប័ននានា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ពិសេសមួយរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសុខភាព ជាពិសេសគឺការចូលរួមចំណែកក្នុងការបរិច្ចាកនូវថវិការជូនមន្ទីរពេទ្យកុមារអង្គរ ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ខណៈបច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ កំពុងមានភាពមមាញឹកក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺដល់កុមារ ដែលកំពុងមានការកើនឡើងឥតឈប់ឈរដល់អ្នកជំងឺធ្ងន់ធ្ងរ ដែលមានតម្រូវការព្យាបាលដោយឯកទេសនោះ មានចំនួនកាន់តែច្រើន ដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធប្រសាទ ជំងឺទារក និងជំងឺមួយចំនួនទៀត។


លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ជិះកង់នាពេលនេះដែរ ក៏ជាការបង្ហាញឲ្យសាធារណៈជូនទូទៅបានឃើញពីការចូលរួម និងយកចិត្តទុកដាក់ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបណ្ដាក្រុមហ៊ុន និងស្ថាប័ននានា ជុំវិញសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គ្រោះនូវអាយុជីវិតកុមារកម្ពុជាយើង។
តំណាងឲ្យក្រុមអ្នកជិះកង់នាពេលនេះ លោក ឆាយ សុភាព បានបង្ហាញថា ព្រឹត្តិការណ៍ជិះកង់សម្រាប់ពេលនេះពិតជាមានសារសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ខណៈខេត្តនេះ ជាខេត្តទេសចរណ៍ ជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់កម្ពុជា ដែលបានទាក់ទាញនូវរាល់វត្តមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្តជាបន្តបន្ទាប់ ក្រោយពីស្ថានភាព ជំងឺកូវីដ-១៩ មានភាពធូរស្រាល។


លោកបន្តថា ព្រឹត្តិការណ៍នេះដែរ មិនត្រឹមតែជួយផ្សព្វផ្សាយ និងរៃអង្គាសថវិការជួយដល់មន្ទីរពទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះ ក៏ជួយជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យ កីឡាជាតិនិងអន្តរជាតិ ជាពិសេសស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្នាំ ២០២៣ “Visit Camboida Next 2023” ព្រឹត្តិការណ៍នេះ ក៏នឹងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។ សកម្មភាព និងព្រឹត្តិការណ៍ទាំងនេះ កើតមានឡើងមកបាន គឺដោយសារតែយើងមានសុខសន្តិភាព ហើយបើយើងគ្មានសុខសន្តិភាពទេ នោះយើងក៏គ្មានការីចម្រើនដែរ។
គណៈកម្មាធិការជិះកង់កម្ពុជា លោក ហ៊ុន សុជាតិ បានមានប្រសាសន៍ចាត់ទុកព្រឹត្តិការណ៍នេះថា ជាស្មារតីរួមសាគ្គីគ្នាជាធ្លុងមួយក្នុងការងារសប្បុរសធម៌ជាគំរូប្រសើរប្រពៃណាស់ ដូចយើងដឹងរួចមកហើយនៅខេត្តសៀមរាបក៍ដូចជានៅទូទាំងប្រទេស កុមារកម្ពុជាក្រោមអាយុ១៦ឆ្នាំពេលឈឺថ្កាត់តែងតែរត់ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យកុមារ ហេតុនេះយើងគប្បីរួមគ្នាបន្តការចែករំលែកធនធានថវិកាផ្ទាល់ខ្លួន តាមរយៈសកម្មភាពសង្គមនានា ជាបន្តទៅទៀតដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរក៍ដូចជាមន្ទីរពេទ្យផ្សេងៗទៀតទៅតាមលទ្ឋភាពជាក់ស្តែង។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ជិះកង់នេះ បានប្រើបា្រស់ពេលវេលាជាងកន្លះថ្ងៃ ជាមួយនឹងកម្មវិធីកំសាន្តសប្បាយផ្សេងៗទៀតផងដែរ ដើម្បីជាការទាក់ទាញអ្នកចូលរួម ហើយការរៃអង្គាសមូលនិធិសប្បុរស ដើម្បីចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលកំពុងប្រតិបត្តិការមនុស្សធម៌ ពិនិត្យព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ ខណៈក្នុង១ថ្ងៃៗមន្ទីរពេទ្យមួយនេះ បានទទួលកុមារពិនិត្យព្យាបាលជំងឺប្រមាណជា ៥០០នាក់ ហើយបញ្ហាប្រឈមចំពោះមុខនោះ គឺការលំបាកស្វែងរកថវិកា៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម