Thursday, May 2, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ត្រីជំនាញនៃខេត្តសៀមរាប បង្ក្រាបសាច់សត្វសុនខ(ឆ្កែ)ប្រមាណជា១៣០០គីឡូក្រាម យកទៅដុតកម្ទេចចោល


សៀមរាប៖សមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បង្ក្រាបសាច់សត្វសុនខ(ឆ្កែ)ក្លាសេពិឃាតរួចចំនួន១៣០០គីឡូក្រាម ដែលឈ្មួញដឹកចេញពីតាមបណ្តាខេត្តផ្សេងៗឆ្លងកាត់សៀមរាប បម្រុងយកទៅលក់នៅភ្នំពេញ នោះត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បង្ក្រាបរួចបានយកទៅដុតកម្ទេច។


ហេតុការណ៍ការដុតកម្ទេចចោលនេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០២២ ក្រោមការដឹកនាំពីសំណាក់តំណាងអយ្យការអមសាលដំបូងខេត្ត,លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប និងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី១៦នេះថា នៅវេលាម៉ង ០១:៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មន្ត្រីជំនាញបានឃាត់រថយន្ត ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពត 2A.1924 មានបទល្មើសដឹកសត្វសុនខ ក្លាសេ(ពិឃាតរួច)ចំនួន៣ធុងធំ និង១ធុងតូច ចំនួន ១៣៤ក្បាល ទម្ងន់ប្រមាណ ១៣០០គីឡូក្រាម ប្រព្រឹត្តដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។លោកបន្តថា តាមការឆ្លើយបំភ្លឺពីម្ចាស់ សត្វសុនខទាំងនេះបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ ។

លោកបញ្ជាក់ថា ដោយមានការចូលរួមណែនាំពីលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកង៉ិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប នៅម៉ោង៣:០០នាទីល្ងាច ថ្ងៃដដែល ក្រុមការងារដោយមានការរៀបចំពីមន្ត្រីជំនាញ បានអនុវត្តដោយការដុតកម្ទេច និងកប់ តាមវិធានការបសុពេទ្យ ។ចំណែករថយន្តដឹកសត្វសុនខ មន្ត្រីជំនាញយកមករក្សាទុកនៅមន្ទីរកសិកម្ម រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។


លោក ព្រំ វិច បានសំណូមពរចំនួន៣ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ ទី៣ចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃស្នូររបស់អ្នកហូបនិងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។
សូមរម្លឹកផងដែរថា ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ និងជំរុញឲ្យមានការឈប់ជួញដូរសាច់សុនខ(ឆ្កែ) ដើម្បីលើកមុខមាត់នៃខេត្តទេសចរណ៍ និងដើម្បីការពារសុខភាពពលរដ្ឋផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម