Friday, May 17, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ពិធីបើកវគ្គបណ្តុះបណ្តាល ពង្រឹងជំនាញដែលមានស្រាប់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចខេត្តសៀមរាបក្នុងសកម្មភាពស្តារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩


ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២នាសណ្ឋាគារ សោមាទេវី អង្គរ ខេត្តសៀមរាប ពិធីបើកវគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាអធិបតី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តសៀមរាប ឯកឧត្តម ជា កុកហុង ប្រធានមូលនិធិអភិវឌ្ឍន៍ជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្ញៀវកិត្តិយសសរុបចំនួនប្រមាណជាង១៥០នាក់ មកពីស្ថាប័នជាច្រើន មានដូចជា៖ អជ្ញាធរជាតិអប្សរា, សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ, មន្ទីរទេសចរណ៍ខេត្តសៀមរាប, សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប, សមាគមក្លឹបទេសចរណ៍សៀមរាប, សមាគមសណ្ឋាគារសាខាខេត្តសៀមរាប, ក្លឹបធនធានមនុស្ស, សមាគមមគ្គុទ្ទេសក៍ទេសចរណ៍, សកលវិទ្យាល័យ, សាលាវិជ្ជាជីវៈជំនាញទេសចរណ៍, សមាគម BNI តំបន់សៀមរាប, ប្រតិបត្តិករទេសចរណ៍រួមមាន៖ ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា។


កម្មវិធីបណ្តុះបណ្តាលធ្វើឡើងដោយសង្កត់ធ្ងន់ទៅលើការពង្រឹងជំនាញដែលមានស្រាប់ និង រំលឹកឡើងវិញ សំរាប់បុគ្គលិកដែលកំពុងបំរើការងារ រឺ ត្រូវបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ (MOT) ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។ កម្មវិធីសិក្សានិងមេរៀនបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយផ្អែកលើសមត្ថភាពនៃជំនាញនីមួយៗ សម្រាប់បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន៧០០នាក់ ផ្នែកទីភ្នាក់ងារនិងការីទេសចរណ៍ ចំនួន១៧៥នាក់ និងផ្នែក មគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន២០០នាក់។

ដើម្បីធានាការបណ្តុះបណ្តាលជំនាញ គម្រោងបានធ្វើការ បណ្តុះបណ្តាលគ្រូបង្គោលចំនួន៤៩រូបដោយភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) ដើម្បីចូលរួមអនុវត្តការបណ្តុះបណ្តាលទៅកាន់សិក្ខាកាមជាង១០០០នាក់ក្នុងរយៈពេលចាប់ពីខែសីហា ដល់ខែតុលាឆ្នាំ២០២២នេះ។ ក្នុងដំណើរជ្រើសរើសសិក្ខាកាម សមាគមទេសចរណ៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងបានរៀបចំសិក្ខាកាមផ្សព្វផ្សាយដំបូងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះដំណើរការជ្រើសរើសសិក្ខាកាមចំនួន១០៧៥នាក់ ត្រូវបញ្ចប់ជាស្ថាពរទៅតាមចំនួនសិក្ខាកាមដែលបានគ្រោងទុក។

ហេតុដូចនេះ ការចាប់ផ្តើមដំណើរការអនុវត្តការបណ្តុះបណ្តាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះការបណ្តុះ បណ្តាលទៅកាន់បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍រួមមាន១០ផ្នែក៖ ផ្នែកទីភ្នាក់ងារ ១០ផ្នែក៖ ផ្នែកទីភ្នាក់ងារទេសចរណ៍ និង ការីទេសចរណ៍ ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកជួរមុខ ផ្នែករៀបចំបន្ទប់ ផ្នែកបំរើម្ហូបអាហារ ផ្នែកចុងភៅ ផ្នែកធនធានមនុស្ស ផ្នែកលក់ និងទីផ្សារ ផ្នែកស្ប៉ា និង ផ្នែកវិស្វកម្ម។
សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការលើការជម្រុញអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងថ្ងៃនេះគឺជាជំហ៊ានថ្មីមួយទៀតនៃការសហការរួមគ្នាពីសមាគមទេសចរណ៍កម្ពុជា(CATA), ទីភ្នាក់ងារប្រឹក្សាយោបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និង CHT ក្នុងការចូលរួមសម្រេចនូវផែនការស្តារ និងអភិវឌ្ឍវិស័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបណ្តុះបណ្តាលពង្រឹងជំនាញដែលមានស្រាប់សម្រាប់ខេត្តសៀមរាប៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម