Tuesday, November 11, 2025
Header Banner

ម្ចាស់ផលិតកម្មមហាហង្ស​ ចេញលិខិតសុំទោសជាសាធារណៈ​ ចំពោះឈុតសម្តែងសមប្រកួតតំណាងជាតិកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២

ភ្នំពេញ៖​ដោយមានការបង្ហាញឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត នៅក្នុងកម្មវិធីប្រកួតកម្មវិធីប្រកួតឈុតតំណាងជាតិធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយផ្សាយចេញពីផេកផ្លូវការរបស់កម្មវិធី Miss Grand Cambodia។​ ក្នុងកម្មវិធីនេះគេឃើញឈុតចំនួន២​ ដែលជាការផ្សព្វផ្សាយរូបភាពល្បែងស៊ីសង​ នៅពីមុខផ្ទាំងរូបភាពប្រាសាទអង្គរវត្ត​ ដែលតំណាងឱ្យព្រលឹងជាតិខ្មែរ។

មតិរិះគន់​ និងការមិនពេញចិត្តលើឈុតតំណាងក្រុងទាំងពីរនេះជាច្រើន​ ម្ចាស់ផលិតកម្មមហាហង្ស​ បានសម្រេចដកឈុតទាំងពីរនេះចេញពីការប្រកួតកម្មវិធី ប្រកួតឈុតតំណាងជាតិកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ និងសុំអភ័យទោសចំពោះប្រជាពលរដ្ឋកម្ពុជាទាំងក្នុងប្រទេស​ និងក្រៅប្រទេស ជាពិសេសអាជ្ញាធរ​ ប្រជាពលរដ្ឋកម្ពុជា​ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត​ នៃខេត្ត បន្ទាយមានជ័យ​​ និងក្រុងបាវិត​ នៃខេត្តស្វាយរៀង។

ម្ចាស់ផលិតកម្មនេះ​ ក៏បានអះអាងដែរថា​ ក្រុមហ៊ុនគ្មានបំណងធ្វើឲ្យអាប់ឱនដល់កិត្តិយសប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងទាំងពីរនេះទេ។

ទាក់ទងនឹងបញ្ហានេះ​ លោក​ ហ៊ី​ វីរៈ​ អ្នកនាំពក្យក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ បានសរសេរនៅក្នុងហ្វេសបុកផ្ទាល់ខ្លួន នៅល្ងាចថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ២០២២​ ថា​ «វប្បធម៌ខ្មែរប្រែមុខមាត់អ្នក សូមកុំយកជាធ្នាក់ទាក់យកប្រយោជន៍ខ្លួន»។ ត្រង់ឃ្លានេះ​ លោក​បានអត្ថាធិប្បាយថា​ វប្បធម៌ខ្មែរត្រូវបានជាន់ឈ្លីយ៉ាងគឃ្លើនពីសំណាក់វប្បធម៌បរទេសដែលបានជ្រាបចូលយ៉ាងគំហុកក្នុងយុគសម័យនេះ។ ទន្ទឹមនឹងនេះ ក៏មានការចូលរួមបំផ្លាញយ៉ាងសស្រាក់សស្រាំពីសំណាក់បុគ្គលគ្មានមនសិការមួយចំនួនផងដែរ ដោយយកឈ្មោះ ឬលើកយកការលើកស្ទួយវប្បធម៌ខ្មែរជាខែល តែទង្វើហាក់ផ្ទុយពីសម្តីទាំងស្រុងទៅវិញ។

ខណៈនេះសង្កេតឃើញថា មានការចែករំលែកយ៉ាងច្រើន និងរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរដែលស្រលាញ់វប្បធម៌ជាតិ ព្រោះឃើញមានការផ្សព្វផ្សាយរូបភាពល្បែងស៊ីសងក្នុងអំឡុងការហាត់សមកម្មវិធី Miss Grand Cambodia ២០២២ ដែលកម្មវិធីប្រកួតផ្លូវការនឹងប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២​ ក្នុងឈុតសម្លៀកបំពាក់តំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត។លោកហ៊ី ​ វីរៈ​ បានចាត់ទុកការរិះគន់ពីសំណាក់ពលរដ្ឋខ្មែរ​ ចំពោះការផ្សព្វផ្សាយរូបភាពល្បែងស៊ីសងក្នុងអំឡុងការហាត់សមកម្មវិធី Miss Grand Cambodia ២០២២​ គឺជាការចូលរួមយ៉ាងសកម្ម​។ លោកគាំទ្រយ៉ាងខ្លាំងចំពោះការរិះគន់ក្នុងន័យស្ថាបនាទាំងអស់​ ដើម្បីលើកស្ទួយ​ និងអភិរក្សសិល្បៈវប្បធម៌។ ភាពឈឺឆ្អាល ការយកចិត្តទុកដាក់ ការិះគន់ ការបារម្ភ ការហួងហែង និងការចូលរួម ជាសូចនាករយ៉ាងសំខាន់​ ដើម្បីថែរក្សាមរតកវប្បធម៌ឱ្យបានគង់វង្ស៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម