សៀមរាប៖ពលរដ្ឋប្រមាណជា១,៥ម៉ឺននាក់ដែលលោក ខឹម វាសនា បានគៀងគមកពីបណ្តាខេត្តនានាឲ្យមកស្នាក់នៅចម្ការរបស់លោកស្ថិតនៅភូមិថ្មជល់ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយគិតថាអាចគេចផុតពីបាតុភូតគ្រោះធម្មជាតិនិងស្តាប់ធម៌។តែអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។

លោក តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៦នេះថា កម្លាំងសមត្ថកិច្ចកំពុងតាមដាន រាល់សកម្មភាពប្រមូលមនុស្សរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា នៅចំការរបស់លោកស្ថិតនៅភូមិថ្មជល់ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។លោកបន្តថា លឺថា ពលរដ្ឋខ្មែរដែលជាពលករនៅកូរ៉េខាងត្បូង ក៏វិលត្រឡប់មកកម្ពុជាវិញដែរ ទោះបីពួកគេកំពុងធ្វើការ និងខាតប្រយោជន៍ជាច្រើនក៏ដោយ។លោកបញ្ជាក់ថា កម្លាំងរបស់លោកកំពុងតាមដានសកម្មភាពបន្ត។លោកឃឹម ហ្វីហង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ខែសីហា នេះថា ក្នុងនាមអាជ្ញាធរកំពុងតាមដាននូវរាល់សកម្មភាពនៃការប្រមូលផ្តុំមនុស្សរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។លោកបន្ថែមថា ការប្រមូលផ្ដុំនោះមានចំនួនមនុស្សច្រើន ដោយមិនបានស្នើសុំការអនុញាតិនោះទេ។លោកបញ្ជាក់ថា អាជ្ញាធរកំពុងធ្វើការ ហើយបើជារឿងជំនឿសាសនា វាជារឿងធម្មតា តែបើជារឿងនយោបាយ គឺរឿងធំ ដែលនឹងត្រូវគិតគូ។
យោងតាមផេកហ្វេសបុកផ្លូវការរបស់លោក ខឹម វាសនា បានទាយថានឹងមានបាតុភូត Black hole ដែលវានឹងធ្វើឱ្យភពផែនដីនេះ ជន់លិចដោយគ្រោះធម្មជាតិដ៏ធំ។ លោកបានអំពាវនាវឱ្យអ្នកជឿលោក ឱ្យទៅចម្ការដែលជាទីអាសនៈរបស់លោកដែលប្រើសម្រាប់ការសមាធិ និងស្ដាប់ធម៌។ទោះបីជាមានការលើកឡើងក្នុងបណ្តាញសង្គមរបស់លោកខឹម វាសនា យ៉ាងដូច្នេះក្តី មហាជននិយាយថា នេះការជឿដោយគ្មានមូលដ្ឋានច្បាស់លាស់ ពលរដ្ឋគួរតែទុកពេលធ្វើការរកស៊ីចិញ្ចឹមគ្រួសារទើបប្រសើរជាងនាំគ្នាមកដើរដេកហាលវាលបែបនេះ៕ដោយ៖AFN




