សៀមរាប៖បន្តាប់ពីមានសារព័ត៌មានចុះផ្សាយព័ត៌មាន ព្រមទាំងបណ្តាញសង្គម(ហ្វេសបុក) បានរិះគន់ខ្លាំងៗ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងអាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហាឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាប បានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាក ធ្វើសកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា នឹងមានគ្រោះធម្មជាតិលិចលង់ពិភពលោក នេះតទៅទៀត ព្រោះការធ្វើបែបនេះអាចឲ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ និងជាពិសេសប៉ះពាល់ដល់ការរស់នៅ ហូបចុករបស់ពលរដ្ឋ។លោកបន្ថែមថា លោកអភិបាលខេត្តសៀមរាប បានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះនៅត្រឹមថ្ងៃទី២៨ សីហា តែលោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហាឆ្នាំ២០២២វិញ។លោកបន្ថែមថា ពលរដ្ឋដែលមកចូលនោះគឺភាគច្រើនមកពីតាមបណ្តាខេត្តផ្សេងៗដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)តែប៉ុណ្ណោះ។ ចំណែកលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មិនអាចសុំការពន្យល់បានទេនារសៀលថ្ងៃទី២៧ខែសីហានេះ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជាមួយគ្នានោះដែរអាជ្ញាធរតែងតែគិតគូដល់សុខទុក្ខរបស់ពលរដ្ឋ ហើយអាជ្ញាធររំពឹងថាលោកខឹម វាសនា និងបញ្ឈប់សកម្មភាពគៀងគរពលរដ្ឋតទៅទៀត៕ដោយ៖សេរី



