Tuesday, November 11, 2025
Header Banner

យុវជន២ក្រុមផឹកស៊ីនៅហាងយីហោ “សែនសប្បាយ២”ឌឺដងដាក់គ្នារហូតដេញកាប់ដូចរឿងចិន បណ្តាលឲ្យរបួស២នាក់ត្រូវនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនបង្កបាន៦នាក់

ខេត្តសៀមរាប៖យុវជន២ក្រុមនាំគ្នាចូលទៅផឹកស៊ីនៅហាងយីហោ “សែនសប្បាយ២”ឌឺដងដាក់គ្នារហូតដេញកាប់គ្នាបណ្តាលឲ្យរបួស២នាក់រួចគេចខ្លួនបាត់។តែត្រូវនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួនជនបង្ក៦នាក់

លោកវរសេនីយ៍ទោ  សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែសីហានេះថា ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯកណុប សារ៉ាក់ ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមទាំងទទួលបានពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ កម្លាំងការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ បានចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់យកទៅសួរនាំ។ជនសង្ស័យទី១. ឈ្មោះ ហ៊ឹម ដាលីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរៈ កម្មករដឹកទឹកក កើតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។២.ឈ្មោះ សេង សូធីសី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរៈ មិនពិតប្រាកដ កើតនៅភូមិបន្ទាយចាស់  សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប  មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។៣.ឈ្មោះ ចេវ ទី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ គ្មាន កើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប  មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។៤.ឈ្មោះ តឹក ប៉េងលាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ គ្មាន កើតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប  មានទីលំនៅបច្ចុប្បន្នភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប។៥.ឈ្មោះ វ៉ង ស៊ីនដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ គ្មាន កើតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប  មានទីលំនៅបច្ចុប្បន្នភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។៦.ឈ្មោះ ផាន បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ គ្មាន កើតនៅភូមិ៥ ឃុំព្រែកខ្សាយ២ ស្រុកពាមរិ៍ ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្នភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ លោកបន្តថា ពាក់ព័ន្ធនិងករណីហិង្សាដោយអចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យពិការភាពជាអចិន្ត្រៃយ៍នៃជនរងគ្រោះ កើតហេតុនៅវេលាម៉ោង២:០០នាទីរំលងអាទ្រាតឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប។អង្កហេតុ កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ចិន ត្រា ភេទប្រុស អាយុ ២៦ឆ្នាំ បានបើកម៉ូតូរបស់ខ្លួនម៉ាកទ្រីមសង ទៅឌុបឈ្មោះ ហ៊ូវ រាក់ ហៅនឿម ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ ប៉ុច ធី ភេទប្រុស អាយុ ២៧ឆ្នាំ ចេញពីផ្ទះនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ទៅលេងនៅផ្លូវ៦០ម៉ែត្រ  លុះដល់ម៉ោង២១និង០០នាទី ពួកគេទាំង ៣នាក់ បានចូលទៅផឹកស៊ីនៅហាងសែនសប្បាយ២ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប ដោយចូលទៅអង្គុយនៅកញ្ចុៈលេខ២ រហូតដល់ម៉ោង ២៣និង០០នាទី ក៏មានមនុស្សប្រុសមួយក្រុមទៀត មានគ្នា ៥នាក់ បានចូលទៅផឹកស៊ីក្នុងហាងខាងលើដែរ ដោយពួកគេអង្គុយនៅកញ្ចុៈលេខ១ ជាប់និងកញ្ចុៈរបស់ជនរងគ្រោះ។ ចន្លោះពេលនៃការផឹកស៊ី ក៏មានទំនាស់គ្នាដោយ ក្រុមជនបង្ក បានសម្លឹងមុខ ស្រែកជេរឌឺដងទៅលើក្រុមជនរងគ្រោះ ហើយនៅពេលជនរងគ្រោះដើរទៅបន្ទប់ទឹក ក្រុមជនបង្កស្រែកសួរថា “មើលមុខអញ់ចង់យ៉ាងម៉េច?” ជនរងគ្រោះក៏តបវិញថា “អញ់មើលក៏បាន វាថីឯង?” លុះដល់ម៉ោង២និង០០នាទីរំលងអាទ្រាត ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ហាងដល់ម៉ោងបិទក្រោយពេលគិតលុយហើយឈ្មោះ ចិន ត្រា បានបើកម៉ូតូឌុបមិត្តភ័ក្ក្រ ក្នុងគោលបំណងទៅផ្ទះនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ពេលបើកហួសផ្លូវបំបែក ស្តុបជន្លង់ ក៏បើកត្រឡប់មកហាងផឹកស៊ីខាងលើវិញ ដើម្បីរកគូរទំនាស់វិញ។ ពេលនោះស្រាប់តែឃើញក្រុមគូរទំនាស់ទាំង៥នាក់ ជិះម៉ូតូ៣គ្រឿង មានម៉ាកទ្រីមសង ពណ៌ខ្មៅ ២គ្រឿង និងម៉ាក់ខ្លិចពណ៌ស ១គ្រឿង ក្នុងចំណោមពួកគេ មានម្នាក់ អង្គុយក្រោយប្រដាប់ដោយកាំបិតខ្វែវ បើកសំដៅមកពួកខួន ភ្លាមនោះជនរងគ្រោះបានបត់ម៉ូតូ ហើយបើកយ៉ាងលឿនទៅទិសខាងកើត ដើម្បីគេចខ្លួន ជិតដល់ស្តុបជន្លង់ក៏បើកឡើងឃឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលម៉ូតូ ហើយក្រុមជនបង្កបានកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ុច ធី ត្រូវត្រង់ចង្កះ ចំនួន ១កាំបិតខ្វែវ បន្ទាប់មកគេចខ្លួនបាត់។ ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលឲ្យជនរងគ្រោះឈ្មោះ ហ៊ូវ រាក់ ហៅនឿម រងរបួសបាក់ភ្លៅខាងស្តាំ, បាក់ឆ្អឹងស្នងជើងខាងឆ្វេង និងដាច់រលាត់ត្រង់កែងដៃខាងស្តាំ ចំណែកជនរងគ្រោះឈ្មោះ ចិន ត្រា រងរបបួសបាក់ភ្លៅខាងឆ្វេង និងដាច់រលាត់ជើងខាងស្តាំ។

  លោកបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងយើងបានចុះដល់មន្ទីរពេទ្យធ្វើការសាកសួរបំភ្លឺ និងទទួលបណ្តឹងជនរងគ្រោះទាំង ៣នាក់ ហើយបន្តប្រមូលស្តាប់បំភ្លឺសាក្សីជាបន្តបន្ទាប់សាក្សី រហូតកំណត់មុខសញ្ញា ហើយនៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ យើងបាននាំខ្លួនជនសង្ស័យជាសហចារីចំនួន ៦នាក់មកធ្វើការសាកសួរ ជាលទ្ធផល៖តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះ ហ៊ឹម ដាលីន ភេទប្រុស អាយុ១៩ឆ្នាំ បានឆ្លើយថាៈ នៅវេលាម៉ោង២១:៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ខ្លួននិងមិត្តភ័ក្ត្រឈ្មោះ សេង សូធីសី, ឈ្មោះ ចេវ ទី, ឈ្មោះ វ៉ង ស៊ីនដាវីត និងឈ្មោះ ថាន បូរី បានចូលទៅផឹកស៊ីក្នុងហាងខាងលើ លុះដល់យប់ជ្រៅក៏មានរឿងជាមួយក្រុមជនរងគ្រោះដោយសារពួកគេបានគប់កំប៉ុងស្រាបបៀមកលើពួកខ្លួន។  នៅវេលាម៉ោង២:០០នាទីឈានចូលថ្ងៃ២៦ ខែសីហា ឆ្នាំ២០២២ ពួកខ្លួនបានចេញពីកន្លែងផឹកស៊ីស្រាប់តែគូរទំនាស់ទាំង៣នាក់ខាងលើ ប្រដាប់ដោយដុំថ្ម បើកម៉ូតូដេញគប់មកលើពួកខ្លួន ហើយឈ្មោះ សេង សូធីសី បើកម៉ូតូឌុបឈ្មោះ ចេវ ទី គេចទៅផ្លូវផ្សេង ចំណែករូបខ្លួន និងឈ្មោះ វ៉ង ស៊ីនដាវីត បានទូរស័ព្ទហៅបក្សពួកមកតាមសងសឹកវិញ។តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះ វ៉ង ស៊ីនដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ បានឆ្លើយសារភាពថាៈ បន្ទាបពីមានទំនាស់ និងត្រូវបានគេដេញគប់និងដំថ្មខាងលើខ្លួនបានទូរស័ព្ទហៅឈ្មោះ តឹក ម៉េងលាង ឲ្យមកជួយសងសឹក ហើយឈ្មោះ ម៉ី (មិនស្គាល់ត្រកូល) បានបើកម៉ូតូម៉ាកទ្រីមឌុបឈ្មោះ តឹក ម៉េងលាង ប្រដាប់ដោយកាំបិតខ្វែវ បើកប្រដេញកាប់ទៅលើភាគីទំនាស់ ដល់ខាងកើតសាលាបឋមសិក្សាជន្លង់ប្រហែល ២០ម៉ែត្រ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប។ ម៉ូតូរបស់ភាគីជម្លោះបានដួលទៅបុកនិងបង្គោលភ្លើង ហើយឈ្មោះ តឹក ម៉េងលាង បានចុះពីលើម៉ូតូ ទៅកាប់លើជនរងគ្រោះចំនួន ១ខ្វែវ។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម