Tuesday, November 11, 2025
Header Banner

អាជ្ញាធរខេត្តសៀមរាប៖ថ្ងៃទី៣០ជាថ្ងៃឱសានវាទ របស់ពលរដ្ឋដែលមកជួបជុំនៅចំការលោកខឹម វាសនា បើមិនរំសាយទេនឹងចាត់ការតាមច្បាប់!

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២៩ខែសីហាឆ្ន៊ា២០២២នេះ បានព្រមានថា គេនៅរង់ចាំពេលវេលាកំណត់ត្រឹមតែម៉ោង០០យប់ថ្ងៃទី៣០ ខែ សីហា ប៉ុណ្ណោះ ប្រសិនបើហួសពេលនេះ ក្រុមលោកខឹម វាសនា និងហ្វូងប្រជាពលរដ្ឋដែលមកកកកុញគ្នានៅជើងភ្នំគូលែន មិនព្រមរំសាយទេ គឺអាជ្ញាធរនឹងចាត់ វិធានការតាមច្បាប់តែម្តង។

លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទទី២៩ខែសីហានេះថា៖សមត្ថកិច្ច កំពុងរង់ចាំមើលថា តើ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ(LDP) ដើម្បីប្រជាធិបតេយ្យនឹងធ្វើតាមកិច្ចសន្យារបស់គាត់ដែរឬក៏យ៉ាងណា។

លោកស្នងការនគរបាលខេត្ត បង្ហើបទៀតថា ប្រសិនបើដល់ថ្ងៃកំណត់នៃការសន្យាហើយ បែរជាក្រុមប្រជាពលរដ្ឋ ដែលមកជួបជុំគ្នាមិនព្រមរំសាយ ហើយលោក ខឹម វាសនា នៅតែមិនបញ្ឈប់សកម្មភាពប្រមូលផ្ដុំទៀតនោះ គឺសមត្ថកិច្ចនឹងចាត់វិធានការតាម ច្បាប់។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា រហូតមកដល់ព្រឹកថ្ងៃទី២៩ខែសីហានេះ ប្រជាពលរដ្ឋចំនួនជិត២ម៉ឺននាក់ ដែលកំពុងមកប្រមូលផ្ដុំគ្នា នៅភូមិសាស្ត្រ ឃុំត្បែង ស្រុកបន្ទាយស្រី ក្នុងដីចំការម្រេច របស់លោកខឹម វាសនា នោះ គឺនៅដដែល មិនទាន់មានការចាកចេញទៅកាន់ទីលំនៅដ្ឋានរៀងៗខ្លួនទេ។លោក ឃឹម ហ្វីណង់ បន្តថា នៅព្រឹកថ្ងៃទី ២៩ខែសីហានេះ គណបញ្ជាការឯកភាព ខេត្តសៀមរាប បានកោះប្រជុំជាបន្ទាន់មួយ ដើម្បីជជែកជុំវិញចំណាត់ការ ទៅលើករណីជួបជុំរបស់ក្រុមលោក ខឹម វាសនា នេះ ប្រសិនបើមិនព្រមរំសាយ គឺ ធ្វើតាមច្បាប់ហើយ។

សូមបញ្ជាក់ថា តាំងតែពីថ្ងៃទី២៣ខែសីហា រហូតមកដល់ថ្ងៃទី២៩ ខែសីហា នេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋជិត២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ទាំងចាស់ទាំងក្មេងធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ខ្លះតាមគោយន្តទៅ កាន់តំបន់ជើងភ្នំគូលែន។ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ ចោលការងាររបស់ខ្លួនដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ ទុកសកម្មភាពរបស់លោក ខឹម វាសនាថា កំពុងធ្វើឲ្យពលរដ្ឋចលាចល និងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ ឯកឧត្តម  ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គ នាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យទីតាំងដែលជួបជុំនោះម្ដងមកហើយ ព្រមទាំងបានឲ្យលោកខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំនិងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋនោះជាបន្ទាន់ ក៏ប៉ុន្តែ ត្រូវបានលោក ខឹម វាសនា បដិសេធ ហើយស្នើសុំពន្យាពេលរហូតដល់ថ្ងៃទី៣០សីហា៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម