Tuesday, November 11, 2025
Header Banner

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំងលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជំនួសវិញ។

ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍កោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ របស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដែលត្រូវបានផ្លាស់ប្តូរមុខតំណែងទៅជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំង លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជំនួសវិញ និងបានផ្តាំផ្ញើដល់ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារបន្តនៃកងទ័ព ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ថ្លែងនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និង បានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ១-  ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ២-  រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ ៣-  ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន ៤-  ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណៈសម្បត្តិគឺ សុខភាពល្អ កាយសម្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដែលបានជួយមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយសទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និង សូមជូនពរ ទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ ។ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា គប្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និង អនុវត្ត ៧ចំណុច រួមមានហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។ ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រងបញ្ជា អង្គភាពអោយមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម