Tuesday, November 11, 2025
Header Banner

សិស្សសាលាទួលមាសអូររៃ នៅតែបន្តដួលសន្លប់រវើរវាយទៀតហើយ!

ខេត្តស្ទឹងត្រែង៖សិស្សអនុវិទ្យាល័យទួលមាសអូររៃចំនួន ៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ព្រមទាំងរវើរវាយ និយាយដូចមានអីចូលក្នុងខ្លួន ត្រូវបានលោកគ្រូអ្នកគ្រូសិស្សានុសិស្សនាំគ្នាធ្វើចលនារឹតរួចបញ្ជូនទៅកាន់ក្រុមគ្រួសារយកទៅព្យាបាល ដូចលើកមុនទៀតហើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង ៣០ នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២នៅចំណុចសាលាអនុវិទ្យាល័យទួលមាសអូររៃ ស្ថិតក្នុងភូមិអូររៃ ឃុំអូររៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកវ៉ាន់ នីមនាយកវិទ្យាល័យទួលមាសអូររៃបានឲ្យដឹងថា នៅឆ្នាំ២០២២ នេះចាប់ពីដើមឆ្នាំរហូតមកទល់ពេលនេះមានកើតករណីសិស្សដួលសន្លប់ចំនួនពីរលើកមកហើយ លើកទី១ មានចំនួន៧ នាក់ហើយនៅថ្ងៃទី១២ នេះមានចំនួននបីនាក់។

លោកនាយកសាលាបានបញ្ជាក់បន្ថែមថា នៅមុនកើតហេតុនោះ សិស្សស្រីទាំងបីនាក់ថាមានសភាពដូចជាឈឺក្បាលវិលមុខបន្ទាប់មកក៏បាត់មាត់បាត់កសន្លប់នៅលើតុ ត្រូវបានគ្រូនិងសិស្សក្នុងថ្នាក់ជួយធ្វើចលនា រួចមកពួកគាត់ក៏រាងដឹងខ្លួនតែនិយាយរវើរវាយ ខុសពីធម្មតា ហើយក៏បានបញ្ជូនយកទៅឲ្យក្រុមគ្រួសារយកទៅព្យាបាល។

លោកឈូក ឌី មេឃុំអូររៃ បានឲ្យដឹងដែរថា ករណីសិស្សស្រីទាំងបីនាក់នេះ កើតឡើងក្នុងចំណោមសិស្សស្រី ៧ នាក់ដែលធ្លាប់កើតពីលើកមុន មានអាការៈដូចគ្នា ហើយត្រូវបានខ្លះគេសន្និដ្ឋានថាជាអបិយជំនឿ មានខ្មោចអារុកអារក្សអ្នកតាចូល។លោកមេឃុំបន្តថាក្រោយពីមានហេតុការណ៍នេះ លោកនាយកសាលាមេភូមិមេឃុំនិងអាណាព្យាបាលរួមទាំងប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃចំនួន៧វត្តមកធ្វើការសូត្រប្រោសព្រំក្នុងអនុវិទ្យាល័យនេះ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់សិស្សានុសិស្សក្នុងសាលានេះផងដែរ។

លោកមេឃុំបន្តថា នៅថ្ងៃ១២នេះក៏មានខាងមន្ទីរអប់រំនិងមន្ត្រីសុខាភិបាលបានចុះទៅពិនិត្យដល់សាលារកពីមូលហេតុ។ក្រោយពីការពិនិត្យពីមន្ត្រីសុខាភិបាលពីអាការៈសិស្សនិងពិនិត្យមើលឈាមជាតិស្ករនោះ លោកបានសន្និដ្ឋានថា ដោយសារសិស្សស្រីទាំងនោះខ្វះជាតិស្ករខ្វះឈាម អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ទើបមានអាការៈបែបនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩កញ្ញាកន្លងមកនេះក៏មានសិស្សសាលាអនុវិទ្យាល័យសេសានចំនួន១០នាក់ដៃរដែលកើតអាការៈបែបនេះ ។ក្រោយពីរសិស្សទាំងនោះត្រូវបានព្យាបាល និងបន់ស្រន់តាមរបៀបអបិយជំនឿផងនោះ បានជាសះស្បើយអស់ហើយផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម