Tuesday, November 11, 2025
Header Banner

សម្តេចតេជោ ប្រកាសថានឹងអភិវឌ្ឍ​តំបន់«រុនតាឯក»ឲ្យក្លាយជាកូនក្រុងមួយដ៏ស្រស់ស្អាត

ខេត្តសៀមរាប៖ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់​រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់​រដ្ឋមន្រ្តីស្ថាប័នពាក់ព័ន្ធពន្លឿនការសាសង់ហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងតំបន់រុនតាឯកនេះ ដើម្បីសម្រួលដល់​ប្រជាពលរដ្ឋ ដែលទើបតែផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងភូមិថ្មីនេះ។

សម្តេចមានប្រសាសន៍ដូច្នេះថា« ឥឡូវសូមឲ្យទាក់ទងទៅអគ្គិសនីកម្ពុជា ដើម្បីឲ្យតភ្លើងចូលមកក្នុងតំបន់រុនតាឯក អ៊ីចឹងយើងមានប្រព័ន្ធទឹក ផ្លូវកំពុងធ្វើហើយ យើងមានសាលាបឋម នឹងបន្តបង្កើតសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងសាងសង់កន្លែងស្នាក់នៅជូនគ្រូបង្រៀនផងដែរ»។

សម្តេចក៏ជំរុញឲ្យពន្លឿនសាងសង់មណ្ឌលសុខភាពបីខ្នង ដែលមានមួយខ្នងសម្រាប់ពិនិត្យជំងឺទូទៅ មួយខ្នងជា​អគារសម្ភព និងមួយខ្នងទៀតជាអគារស្នាក់នៅ ២០បន្ទប់។ ចំណែកគម្រោងផ្សារ មាន៨ខ្នង ដែលសម្តេចបានហៅថា ផ្សាររុនតាឯក សម្រាប់ពលរដ្ឋរស់នៅតំបន់នេះ អាចលក់ដូរទំនិញផ្សេងៗ ដូចជា ម្ហូបអាហារ កាហ្វេ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្តនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ កាន់តែច្រើននាថ្ងៃខាងមុខ។

សូមរម្លឹកថា ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប។ ស្ថានភាពភូមិ​សាស្រ្តនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ដោយសារនៅជុំវិញទីនោះ ជាកន្លែងដែលអាច​រកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបានដូចជា នៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍​ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី នាទឹកដីឃុំតា​យ៉ែកស្រុកសូទ្រនិគម ។ ចំណែកនៅប៉ែកខាងជើងមិនឆ្ងាយ ប៉ុន្មានគឺជាតំបន់ទេចរណ៍ភ្នំគូលែនហើយនៅជុំវិញតំបន់រុនតាឯក ​ទាំងមូល​គឺសុទ្ធតែជាតំបន់បៃតងតំបន់កសិកម្មដែលអាចធ្វើឲ្យអ្នកចូលចិត្តដាំដុះ និងចិញ្ចឹមសត្វ គឺមានភាពងាយស្រួល​ចំណែកឯអ្នកចង់ប្រកបរបររកស៊ី ក៏អាចរកចំណូលបានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែលចង់បម្រើសេវាកម្មទេសចរណ៍ ក៏មានសក្តានុពលយ៉ាងច្រើន។

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍន៍ «តំបន់រុនតាឯក» ទៅជាភូមិធម្មជាតិរុនតាឯក និងប្រែក្លាយឲ្យទៅជាទីក្រុងរណបថ្មី របស់ខេត្តសៀមរាប ដែលជាតំបន់អភិវឌ្ឍមួយដ៏ល្អ៕ដោយ៖AFN

 

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម