Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជំនន់ទឹកភ្លៀងលិចស្រុកចំនួន៩ក្នុងខេត្តសៀមរាប ,អាជ្ញាធរអំពាវនាវដល់ពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់គិតចាប់ពីថ្ងៃទី១៧ រហូតដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៤.៥៩២គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន ២៩២ភូមិ របស់ឃុំចំនួន ៥៧ នៃស្រុកចំនួន៩ រួមមាន ៖ ស្រុកស្រីស្នំ , ស្រុកក្រឡាញ់ , ស្រុកជីក្រែង , ស្រុកអង្គរជុំ , ស្រុកវ៉ារិន , ស្រុកពួក , ស្រុកសូទ្រនិគម , ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ ។
ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ស្រូវពង្រោះចំនួន ៣២.៤៦៥ហិកតា ស្មើនឹង ២៣.៥៧៨គ្រួសារ , ប៉ះពាល់ដំឡូងមី ចំនួន ៤.៦២៦ហិកតា ស្មើនឹង ៣.៦២៦គ្រួសារ , លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ៦.២៣៦ខ្នង និង កម្រិតធ្ងន់ចំនួន ២៩ខ្នង ក្នុងចំណោមផលប៉ះពាល់លំនៅឋានកម្រិតធ្ងន់នេះ មានប្រជាពលរដ្ឋចំនួន ៤ គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិដែលនៅជិតៗ ដោយឡែកប្រជាពលរដ្ឋដទៃនៅពុំទាន់ដល់កម្រិតដែលត្រូវជម្លៀសនៅឡើយ , លិចទីធ្លាសាលារៀនចំនួន ៧៤កន្លែង , លិចបរិវេណមណ្ឌលសុខភាពចំនួន ០៦កន្លែង , អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ១៨កន្លែង , លិចបរិវេណវត្តចំនួន ១៦កន្លែង , លិចក្នុងផ្សារចំនួន ០២កន្លែង , លិចផ្លូវប្រវែងសរុប ១៥២.១១៥ម៉ែត្រ និងខូចខាតប្រវែង ៣.៨៧៥ម៉ែត្រ , លិចខ្លំាងទំនប់,ខ្នងប្រឡាយ ប្រវែង ១៩.២២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ , លិចស្ពាន ០៣កន្លែង និងខូចខាតប្រវែង ១១ម៉ែត្រ , ងាប់គោចំនួន ០១ក្បាល និង ងាប់មាន់,ទា ចំនួន ៦៧៦ក្បាល ។
ក្នុងអំឡុងពេលនៃការកើតមានជំនន់ទឹកភ្លៀងនេះ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រខ្វះខាតស្បៀង ក្នុងអំឡុងពេលជួបផលប៉ះពាល់ពាល់ដោយ សារជំនន់ទឹកភ្លៀង សរុបចំនួន ៩៩៦គ្រួសារ នៅបណ្តាស្រុកចំនួន៣ រួមមាន ៖ ១. ស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ , ២.ស្រុកអង្គរជុំ ចំនួន ១៣២គ្រួសារ និង ៣.ស្រុកក្រឡាញ់ ចំនួន ៥១១គ្រួសារ ។
របាយការណ៍បន្ថែមថា បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងកើតឡើង រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក , ការថែទាំសុខភាព ការបង្កាជំងឺរាករូស , ការពារពីការយាយីពីសត្វមានអាសិរពិស និង ការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត ៕ដោយ៖វិសាល
ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម