Wednesday, May 1, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឯកឧត្តម ជា សុផារ៉ា និងថ្នាក់ដឹកនាំជាច្រើននាក់ជួបសំណេះសំណាល ដោះស្រាយនូវទុក្ខកង្វល់របស់ពលរដ្ឋប្រមាណជាជិត១ម៉ឺននាក់ នៅសាលាឃុំព្រះដាក់

ខេត្តសៀមរាប៖ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង ជាប្រធានក្រុមការងារតម្រង់ទិស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៧ខែតុលាឆ្នាំ២០២នេះ បានជួបសំណេះសំណាល ដោះស្រាយនូវទុក្ខកង្វល់របស់ពលរដ្ឋប្រមាណជាជិត១ម៉ឺននាក់ ក្នុងនោះមកពលរដ្ឋមកពីឃុំព្រះដាក់,ក្រុងសៀមរាបនិងស្រុកប្រាសាទបាគងខេត្តសៀមរាប នៅសាលាឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ចំនួន ០៦ភូមិ ក្នុង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការតវ៉ា ពីការរុះរើលំនៅដ្ឋានដែលដូនតារបស់ពួកគាត់រស់នៅតគ្នារាប់ ជំនាន់ រយឆ្នាំមកហើយនោះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង ជាប្រធានក្រុមការងារតម្រង់ទិស និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធចុះមកឃុំព្រះដាក់ប្រាប់ពលរដ្ឋពីសាររបស់សម្តេច។

 

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង ជាប្រធានក្រុមការងារតម្រង់ទិស មានប្រសាសន៍សំណេះសំណាលជាមួយពលរដ្ឋ និងលើកឡើងអំពីប្រវត្តិនៃការកសាងប្រាង្គប្រាសាទ ក៏ដូចជាការកសាងសំណង់ អាងទឹក (បារាយណ៍ខាងកើត) ក្នុងការតំកល់ទឹកសម្រាប់ទ្រទ្រង់គ្រឹះប្រាសាទ និង ប្រកបការងារកសិកម្មនាសម័យដើម ។ ឯកឧត្តមបានបន្តទៀតថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ហើយការដាក់បញ្ចូលនេះ ដោយរាប់បញ្ជូលគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត ព្រមទាំងមរតកមនុស្សរស់ទៀតផង។ ម៉្យាងទៀត មុនការដាក់បញ្ជូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ក៏ត្រូវបានក្រុមការងារចុះធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋ និង ខ្នងផ្ទះបងប្អូនរស់នៅក្នុងតំបន់ទាំងនោះ បានរួចរាល់ហើយផងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល១៨ឆ្នាំមកនេះកំណើននៃសំណង់ដែលបានកើតឡើងថ្មីមាន ៤៨.០០០គ្រួសារ ហើយនិយាយដោយឡែកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី មានដល់២.៨៥៩ខ្នងផ្ទះក្នុងភូមិទាំង០៦ ដែលកើតឡើងតាមរយៈការបំបែកគ្រួសារ និង ការលក់ដូរឲ្យអ្នកចំណូលថ្មី។ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី មកបញ្ជាក់ ជូនបងប្អូនដែលមិនធ្វើការុះរើនៅក្នុងភូមិទាំង៦ របស់ឃុំព្រះដាក់ សុំឲ្យប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ដូនតារបស់ខ្លួន មិនត្រូវផ្លាស់ប្តូរអត្តសញ្ញាណនៃកំណើតរបស់បងប្អូន និងសុំកុំឲ្យមានការសាងសង់សំណង់ថ្មី ឬ ដោះដូរដីឲ្យអ្នកចំណូលថ្មី ដែលធ្វើឲ្យអន្តរាយខូចនូវអត្តសញ្ញាណក្នុងភូមិរបស់ខ្លួនតទៅទៀត។

 

ឯកឧត្តមបន្តថា បងប្អូនមានសិទ្ធិរស់នៅក្នុងភូមិបាននេះ ដោយមិនបានឲ្យរុះរើទៅណានោះឡើយ ហើយបងប្អូនមានសិទ្ធិគ្រប់គ្រង តែពុំបានផ្តល់កម្មសិទ្ធិឲ្យនោះឡើយ ហើយក៏មិនអាចបន្តដំណរកេរ្ត៍បាននោះដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់អង្គការយូនីស្កូ ឬ គណៈកម្មការ(ICC)អង្គរ បានធ្វើឲ្យ កំណើតភ្ញៀវទេសចរ មានការកើនឡើងនៅក្នុងតំបន់សៀមរាប ព្រមទាំងបានធ្វើការអភិរក្ស ជួសជុល ថែទាំប្រាសាទជាដើម ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា ដើមី្បជួយដល់រាជរដ្ឋាភិបាល សូមបងប្អូនចូលរួមក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល និង ដើមី្បឲ្យចៀសផុតពីការព្រមាន ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ។ ឯកឧត្តមក៏បានសំណូមពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ មានសង់ផ្ទះនៅបាតបារាយណ៍ ប្រមាណជា ២០គ្រួសារ សុំធ្វើការបង្ខិតលំនៅដ្ឋានខ្លួន មកនៅទីទួលសុវត្ថិភាព ឬ ក៏ចង់បានទៅនៅទីតាំងថ្មី ក្រុមការងារនិង រៀបចំជូន និង ដើមី្បឲ្យក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំបាតផ្ទៃបារាយណ៍ ដែលបងប្អូនមិនបានបង្កបង្កើនផល នោះ ក្នុងការបញ្ចូលទឹកតំកល់ទុកឲ្យមាននៅបាតអាង និង ជួយទ្រទ្រង់ដល់គ្រឹះប្រាសាទ ព្រមទាំងការស្រោចស្រពផលដំណាំរបស់បងប្អូន ហើយក៏ជាការលើកនូវសោភណ្ឌភាពតំបន់រមណីយដ្ឋានអង្គរ ឲ្យមានភាពស្រស់ស្រាយ ប្រកបទៅ ដោយពណ៌បៃតង ក្នុងការទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាការបង្កើននូវជីវភាព និងប្រាក់ចំណូលដល់បងប្អូនទៀតផង។

ជាមួយគ្នានោះដែរពលរដ្ឋក្នុងឃុំព្រះដាក់,ពលរដ្ឋមកពីក្រុងសៀមរាប និងពលរដ្ឋមកពីស្រុកប្រាសាទបាគង បានសម្តែងការត្រេកអរយ៉ាងខ្លាំង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង ជាប្រធានក្រុមការងារតម្រង់ទិស ព្រមទាំងក្រុមការងារទាំងអស់ ហើយជាពិសេសបំផុតនោះគឺថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូពីសុខទុក្ខរបស់ពលរដ្ឋជានិច្ច៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម