ខេត្តរតនគិរី៖នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨,៤០នាទីយប់ នៅចំណុចមុខសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅភូមិអូរកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងឯកឧត្តម សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ខណៈចុះពីរថយន្តដើរឆ្លងកាត់ផ្លូវ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ជនបង្ក បើកម៉ូតូម៉ាកវ៉េវ កែច្នៃពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺផ្លូវ មានឈ្មោះសុីមឡាយភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មដាសង្កាត់បឹងកន្សែងក្រុងបានលុង រតនគីរី របួសធ្ងន់(បែកក្បាល ឈាមហូរតាមមាត់ច្រមុះ រលាត់ជើងនិងខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ វុឌ្ឍី ភេទប្រុស អាយុ៧០ឆ្នាំជនជាតិខ្មែរ មុខរបរសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី រស់នៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគីរី បានស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត។
របាយការណ៍បានបន្តអោយដឹងទៀតថា មូលហេតុនៃឧប្បទេវហេតុគ្រោះថ្នាក់ចារចរណ៍ខាងលើនោះគឺខាងភាគីម៉ូតូជិះលឿនគ្មានភ្លើងបំភ្លឺផ្លូវ បានបុកឯកឧត្តម សុខ វុឌ្ឍី ដែលចុះពីលើរថយន្ត ដើម្បីឆ្លងផ្លូវសំដៅទៅហាងសាច់អាំងមួយកន្លែងទល់មុខ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះទាន់កាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះប៉ុន្តែជាអកុសលត្រូវបានបាត់បង់ជីវិតដោយមុខរបួសមានស្ថានភាពធ្ងន់ធ្ងរ។ ចំណែកឯជនបង្កក៏មានស្ថានភាពធ្ងន់ធ្ងរដែលត្រូវបានដឹកយកទៅសង្រ្គោះព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តផងដែរ។
បច្ចុប្បន្នសពឯកឧត្តម សុខ វុឌ្ឍី ត្រូវបានដឹកតាមរថយន្តសង្គ្រោះបញ្ជូនទៅគេហដ្ឋានក្រុមគ្រួសារនៅរាជធានីភ្នំពេញដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែកវត្ថុតាងម៉ូតូជនបង្ក ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី៕ដោយ៖សំខាន់



