ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសឯកឧត្តម វេង សាខុន ដែលត្រូវបានបញ្ចប់តំណែងកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល។
រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិនិត្យលើសំណើរបស់រាជរដ្ឋាភិបាលក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតអាចនឹងធ្វើនៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី ១៤ ខែតុលា ឆ្នាំ២០២២ សប្តាហ៍នេះ៕



