Saturday, November 23, 2024
Header Banner

ព្រះកេសអសុរាមួយ នៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ ត្រូវ បានពលរដ្ឋប្រទះឃើញ

សៀមរាបះអាជ្ញាធរបានឲ្យដឹងថា ពលរដ្ឋនិងអាជ្ញាធរបានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ។

ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។ ព្រះកេសអសុរាធ្វើពីថ្មភក់ ដែលគេប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។ បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្តាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។

តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញថាមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ៕ដោយ៖សេរី

 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម