Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ ទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិ

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វ៉ាយ ប៉ុច អាយុ ៣២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលរងគ្រោះដោយសារការឆក់ខ្សែភ្លើងបណ្ដាលឲ្យពិការដៃជើង និងមានជីវភាពខ្វះខាត បានទទួលអំណោយ ទេះរុញ ១គ្រឿង ថវិកា ៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីឯកឧត្ដម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រឡាញ់។

ការប្រគល់អំណោយនេះដែរធ្វើឡើងតាមរយៈឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងក្រុមការងារស្រុកក្រឡាញ់ និង លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្ដីទី ដោយមានចូលរួមពីសំណាក់ក្រុមការងារចុះជួយស្រុក រួមនឹងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ធឹម សំផូត បានមានប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកន្លងមកឯកឧត្តម តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង។ ជាក់ស្ដែងក្នុងឱកាសនេះទោះឯកឧត្តម មិនបានអញ្ជើញមកជួបជាមួយបងប្អូនផ្ទាល់ តែឯកឧត្តមក៏បានចាត់ឲ្យក្រុមការងារនាំយកនូវអំណោយជារទេះរុញ រួមនឹងគ្រឿងបរិភោគ និងថវិកាមួយចំនួន ជូនដល់លោក វ៉ាយ ប៉ុច ដែលជាជនពិការ បច្ចុប្បន្នមានកូនម្នាក់រស់នៅជាមួយឪពុកម្តាយ ដោយមានជីវភាពខ្វះខាត។
ឯកឧត្តម បានបន្តទៀតថា ដោយក្រុមការងារស្រុកបានពិនិត្យឃើញការលំបាកជាក់ស្តែងចំពោះយុវជនឈ្មោះ វ៉ាយ ប៉ុច ដែលរងគ្រោះពិការដៃ និងពិការជើងនោះ សព្វថ្ងៃនេះ ររទេះរុញរបស់គាត់បានខូចមិនអាចរុញ និងចល័តបាន ដូច្នេះរូបគាត់ និងក្រុមគ្រួសារ បានស្នើសុំមកក្រុមការងារឲ្យជួយស្វែងរកសប្បុរសជនជួយឧបត្ថម្ភជារទេះរុញដល់គ្រួសារគាត់។ ដោយក្តីអាណិតអាសូរ ទើបក្រុមការងារបានរាយការណ៍ជូនចំពោះឯកឧត្ដម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ដើម្បីជួយឧបត្ថម្ភដល់លោក ទើបថ្ងៃនេះឯកឧត្តម បានចាត់ឲ្យក្រុមការងារនាំយកអំណោយមកប្រគល់ជូនលោកដល់គេហដ្ឋានតែម្ដង។ ហើយចំពោះរទេះរុញនេះដែរ ឯកឧត្តមជឿថា វានឹងអាចជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់លោក សម្រាប់ការធ្វើដំណើរទៅកន្លែងផ្សេងៗផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម