ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មានករណីក្មេងប្រុស២នាក់បានលង់ទឹកស្រះក្បែរផ្ទះ បណ្ដាលឱ្យស្លាប់ទាំងពីរនាក់យ៉ាងឲ្យធ័ម ដោយសារតែឪពុកម្ដាយរវល់ទៅជួយធ្វើបុណ្យសពអ្នកភូមិ។
លោកបន្តថា ករណីក្មេង២នាក់ស្លាប់ (លង់ទឹកស្រះ) ដឹងហេតុ ចន្លោះម៉ោង ៩.៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចទឹកស្រះរបស់ឈ្មោះ ញ៉ន ថុល ភេទប្រុស អាយុ៤៧ឆ្នាំ ស្ថិតនៅខាងត្បូងភូមិចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។
លោកបន្តថា ជនរងគ្រោះទី១.ឈ្មោះ យ៉ម កូមា ភេទប្រស អាយុ១០ឆ្នាំ, ទី២.ឈ្មោះ ឆាយ ណារុន ភេទប្រុស អាយុ៦ឆ្នាំ ក្មេងទាំងពីរនាក់ រស់នៅ ភូមិ/ឃុំ កើតហេតុខាងលើ ។
លោកបន្ថែមថា ឪពុកម្ដាយក្មេងរងគ្រោះនិងសាក្សី បានឲ្យដឹងស្រដៀងគ្នាថា នៅមុនពេលកើតហេតុ ព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២២ ពួកខ្ញុំបានទៅផ្ទះពិធីបុណ្យសពលោកតា ក្នុងភូមិ ហើយក្មេងៗដើរលែងគ្នា៣នាក់ ទី១.ឈ្មោះ យ៉ម កូមា, ទី២.ឈ្មោះ ឆាយ ណារុន (ក្មេងរងគ្រោះទាំងពីរនាក់) និងទី៣.ឈ្មោះ ពើយ មន្នីរុត ភេទប្រុស អាយុ៦ឆ្នាំ។ ដោយពួកខ្ញុំជាប់រវល់ក្នុងពិធីបុណ្យសព មិនបានចាប់អារម្មណ៍មើលកូនទេ។ លុះក្រោយមកក្មេងឈ្មោះ ពើយ មន្នីរុត រត់មកប្រាប់នៅកន្លែងបុណ្យសពថា ឈ្មោះ យ៉ម កូមា ឈ្មោះ ឆាយ ណារុន លង់ទឹកស្រះ ទើបពួកខ្ញុំរត់ទៅជួយ តែក្មេងទាំងពីរលិចក្នុងទឹកស្រះ បងម្នាក់គាត់ចុះជ្រមុចរាវរកក្នុងទឹកប្រទះឃើញក្មេងរងគ្រោះទាំងពីរនាក់នៅក្បែរគ្នា ចាប់លើកក្មេង១មកមុន និងលើកក្មេងម្នាក់ទៀត ឡើងពីទឹកស្រះ តែក្មេងទាំងពីរផុតដង្ហើមស្លាប់បាត់ទៅហើយ។
+តាមការនិយាយប្រាប់ពីក្មេងឈ្មោះ ពើយ មន្នីរុត ដែលទៅជុំគ្នាឲ្យដឹងថា ដំបូងឈ្មោះ យ៉ម កូមា (អាបង) ស្រាតខោអាវចុះទឹកមុន បន្ទាប់ឈ្មោះ ឆាយ ណារុន (អាប្អូន) ចុះទាំងខោអាវតាម ហើយលិចទៅក្នុងទឹក ទើបខ្ញុំរត់ទៅប្រាប់ចាស់ៗមកជួយ។
លោកបន្តថា ទីនោះជាស្រះចំរេលពីទឹករ៉ាក់ទៅទឹកជ្រៅ សម្រាប់សត្វក្របីចុះឡើង(ត្រាំខ្លួន) ទំហំស្រះ ១៥ម៉ × ២០ម៉ ទឹកមាត់ស្រះជម្រៅ ៥០សម៉ ចំណុចជ្រៅ(ក្មេងលង់) ទឹកជម្រៅប្រហែល ៣ម៉ែត្រ។ ដែលក្មេងរងគ្រោះឈ្មោះ យ៉ម កូមា ធ្លាប់ដឹកសត្វក្របីឲ្យចុះទឹកស្រះ។សាកសពក្មេងទាំងពីរ មានហៀរទឹកចេញតាមមាត់ ហើយនៅគ្រប់ផ្នែក (ក្បាល.ដងខ្លួន.និងអវយវ:) គឺ គ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ។លោកបញ្ជាក់ថា យោហតាមការសន្និដ្ឋាន ការពិនិត្យកន្លែងកើតហេតុ ,ការពិនិត្យសាកសពក្មេងទាំងពីរនាក់ ,ការបំភ្លឺសាក្សី និងការសន្និដ្ឋានរបស់គ្រូពេទ្យ មណ្ឌលឃុំសសរស្ដម្ភ បានឲ្យដឹងថា ករណីខាងលើ ក្មេងទាំងពីរនាក់ពិតជាស្លាប់មូលហេតុលង់ទឹក(ស្ទះផ្លូវដង្ហើម)ពិតប្រាកដមែន។បន្ទាប់ពីធ្វើកោសល្យវិច័យ រួចសមត្ថកិច្ចក៏ប្រគល់សពក្មេងទាំងពីរនាក់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សូមឪពុកម្ដាយទាំងឡាយមេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនតូចៗ ចៀសវាងទៅលេងទឹក ដោយគ្មានមនុស្សចាស់នៅជាមួយ ព្រោះកន្លងទៅមានក្មេងៗជាច្រើនម្នាក់បានលង់ទឹកស្លាប់ជារឿយៗគួរឱ្យសោកស្ដាយ៕AFN