សៀមរាប៖មន្ត្រីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាបអង្គរ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣នេះ ព្រលានយន្តហោះថ្មីខ្នាតធំនៅខេត្តសៀមរាប សម្រេចបានប្រមាណជា៧៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុកនោះ ។
លោក ហ្សៅ យូហ៊ុយ (ZOU YUHUI ) ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co.,Ltd បានថ្លែងនៅក្នុងដំណើរទស្សនៈកិច្ចរបស់អ្នកពាក់ព័ន្ធ ដើម្បីស្វែងយល់លក្ខណៈបច្ចេកទេសសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ បានរួចរាល់៧៥ភាគរយ ហើយក្រុមការងារនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅខែមីនា ឆ្នាំ២០២៣ខាងមុខ ជាមួយនឹងការហោះហើរសាកល្បងតេស្តឧបករណ៍ផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានចាត់ទុកថា នេះជាការវិវត្តន៍ដ៏ល្អមួយ ។ ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តមបានជម្រុញឲ្យក្រុមហ៊ុនត្រូវខិតខំពន្លឿនការសាងសង់បន្ថែមទៀត ដើម្បីឲ្យទាន់តាមការកំណត់នោះ គឺការបើកទទួលការចុះចតដែលនឹងត្រូវធ្វើឡើងនៅខែតុលាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ ។ ឯកឧត្តម បានលើកឡើងទៀតថា ព្រលានយន្តហោះសៀមរាបអង្គរនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាងមួយដែលជួយពន្លឿនចក្ខុ វិស័យ និងទស្សនៈទាន ក្នុងការពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ក៏ដូចជាបង្កការងាយស្រួលដល់អ្នកទេសចរអន្តរជាតិតាមរយៈការព្យាយាមធ្វើឲ្យបាននូវការតភ្ជាប់ការហោះហើរក្នុងតំបន់ និងការហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីផ្សារនៅតាមតំបន់នានាក្នុងពិភពលោកផងដែរ ។
ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានថ្មីនេះ ក៏បានបញ្ហាញនូវសញ្ញាណវិជ្ជមានថ្មីមួយសម្រាប់ជម្រុញឲ្យមានកំណើននិងទម្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង ។ ជាពិសេសបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកជាដើម ។ សម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំដែលសាងសង់យ៉ាងមមាញឹក និងឆ្នាំចាប់ផ្តើមការត្រៀមដាក់ឲ្យដំណើរការប្រតិបត្តិរបស់គម្រោង ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់រដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលនិងការណែនាំពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុននឹងជម្នះរាល់ឧបសគ្គនិងការលំបាកនានា ដើម្បីដាក់ឲ្យដំណើរការអាកាសយានដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខនេះ ។
គួររំលឹកផងដែរថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និង ប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ៕AFN