ខេត្តសៀមរាប៖មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានរម្លឹកដល់ក្រុមគ្រូពេទ្យឱ្យបន្ដពង្រឹងសមត្ថភាពរបស់ហើយយកចិត្ដទុកដាក់ថែទាំសុខភាពប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ដើម្បីរក្សាកិតិ្ដនាមជាក្រុមកងទ័ពអាវស ខណៈដែលក្រុមមន្ដ្រីសុខាភិបាលធ្លាប់បានទទួលរហសនាមជាកងទ័ពអាវសនាពេលកន្លងមក។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធិផលការងារឆ្នាំ២០២២ និងលើកទិសដៅការឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលខេត្ដសៀមរាប ដែលធ្វើឡើងនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ លោកជំទាវ បានបង្ហាញថា នៅក្នុងអំឡុងពេលដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនបានប្រសិទ្ធិនាមថាជាកងទ័ពអាវស ប៉ុន្ដែក្រោយពេលបញ្ចប់ជំងឺកូវីដ១៩ បែជាមានការរិះគន់ពីប្រជាពលរដ្ឋដោយសារការខ្វះក្រមសីលធម៌របស់សុខាភិបាល ក្រោយពីបញ្ចប់ការរីករាលដាលជំងឺកូវីដ.១៩ទៅវិញ ។
លោកជំទាវ បានបន្ដថា ការខ្វះក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលទៅលើអ្នកជំងឺនោះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្ដិនាមជាគ្រូពេទ្យដែលធ្លាប់មានការកោតសរសើរជាកងទ័ពអាវស គឺក្រុមគ្រូពេទ្យគ្រប់រូបទូទាំងប្រទេស ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ការថែទាំសុខភាព ប្រកបដោយសមត្ថភាព និងមេត្តាធម៌ ព្រមទាំងគោរពសេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្សឲ្យបានល្អប្រសើរថែមទៀត។ យើងត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានវិជ្ជាជីវៈ ភាពស្មោះត្រង់ក្នុងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈព្រមទាំងចូលរួមយកចិត្ដទុកដាក់អប់រំសុខាភាពជូនប្រជាពលរដ្ឋឱ្យបានល្អផងដែរ។ ជាមួយគ្នានោះ គ្រូពេទ្យគ្រប់រូបត្រូវតែបន្តសិក្សាអនុវត្ត និងបង្កើនចំណេះដឹងវិទ្យាសាស្ត្រ ព្រមទាំងរក្សាការប្តេជ្ញាចិត្តខ្ពស់ក្នុងការអប់រំសុខភាព ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបំរើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធិភាពខ្ពស់។
បន្ថែមពីនោះ ក្រុមគ្រូពេទ្យត្រូវរក្សាឱ្យបាននូវសុខសន្ដិភាព សុវត្ថិភាព និងស្ថេរីភាពសង្គមជាតិជាដើម។ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានលើកឡើងផងដែរថា នៅឆ្នាំ២០២២ មន្ទីរសុខាភិបាល មានមន្ដ្រីសុខាភិបាលចំនួន១១៧៦នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន៩៨នាក់។ លោកវេជ្ជបណ្ឌិត បានបន្ដថា ការអនុវត្តសកម្មភាពវិស័យសុខាភិបាលក្នុងឆ្នាំ២០២២ ក្រោមការដឹកនាំ និងការទទួលខុសត្រូវរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូនទាំងការងារ គ្រប់គ្រងមន្ត្រីរាជការ ទាំងការផ្តល់សេវាសុខាភិបាលសាធារណៈនិងឯកជន ការងារទំនាក់ទំនងសហប្រតិបត្តិការ ពិសេសបញ្ហាប្រឈម នឹងភាពខ្វះខាត ទាំងឡាយត្រូវបានដោះស្រាយតាមរចនាសម្ព័ន្ធរួមមាន៖ ការិយាល័យមន្ទីរចំនួន០៤ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន០៤ អង្គភាពផ្ដល់សេវាសុខភាពសាធារណៈក្នុងការពិនិត្យពិគ្រោះ ថែទាំព្យាបាលជម្ងឺ មានមន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្រ្គប់កំរិត៣ ចំនួន០១កន្លែង មានមន្ទីរពេទ្យបង្អែកស្រុក ចំនួន៤កន្លែង ផ្តល់សេវាបង្គ្រប់កំរិត២ និងមណ្ឌលសុខភាព ចំនួន៩៤ ប៉ុស្តិ៍សុខភាពចំនួន ០២កន្លែង ជាមួយនឹងគ្រែសម្រាកព្យាបាលជម្ងឺសរុបចំនួន ៧០៣គ្រែ កំពុងផ្តល់សេវាព្យាបាល២៤ម៉ោងលើ២៤ម៉ោងដល់អ្នកជំងឺមកពីគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយឡើយ។
ទន្ទឹមនិងនោះ ខេត្តសៀមរាប នៅមានមន្ទីរពេទ្យធំៗចំនួន ០៣កន្លែងទៀត គឺ មន្ទីរពេទ្យជ័យវរ្ម័នទី៧មានគ្រែចំនួន៩៨៦គ្រែ មន្ទីរពេទ្យកុមារអង្គរមានចំនួន ១០០គ្រែ និងមន្ទីរពទ្យយោធា ភូមិភាគ៤ចំនួន៥០គ្រែ បាននិងកំពុងផ្តល់សេវាពិនិត្យពិគ្រោះព្យាបាលជំងឺដោយឈរលើគោលការណ៏ គុណភាព សុវត្ថិភាព និងសមភាព ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងខេត្តមួយចំនួន នៅជុំវិញ ខេត្តសៀមរាបផងដែរ៕AFN