ខេត្តសៀមរាប៖ក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរន្ទា ដើម្បីរើដុំថ្មធំៗដែលមានសភាពហែកចេញពីគ្នា ហើយរៀបចំឱ្យមានសភាពកិបគ្នាដូចដើមឡើងវិញ ព្រមទាំងសម្អាតកម្ទេចដុំថ្មតូចៗ ធូលីដីចេញផង នៅខឿនរួតបាកាណនាផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលកំពុងរងការខូចខាតជាច្រើនសតវត្សរ៍មកហើយ។
មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាលោក ឃាម មុនី មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃក្រុមអ្នកជួសជុលបានប្រើកម្លាំងមនុស្សសុទ្ធសាធ ដើម្បីរើ អូសទាញឬលើកដុំថ្មធំៗចេញពីកន្លែងដើម ដែលមានសភាពហែករំកិលចេញពីគ្នាពី១ទៅ២៧សង់ទីម៉ែត្រ យកទៅដាក់នៅកន្លែងមានសុវត្ថិភាព ដោយយោងឡើង តាមការប្រើកៅឡាក់ចំនួន៥ ប្រទាញចុះឡើងយ៉ាងលំបាក ដោយប្រើពេលជាច្រើនម៉ោងក្នុងការទាញយកថ្មមួយដុំៗ។ ចំណែកឯដឹកជញ្ជូនថ្មថ្មីទៅបំពេញពង្រឹងតាមជ្រុងរបស់រចនាសម្ពន្ធរបស់ខឿនវិញ គឺប្រើរទេះអូសពីដីឡើងទៅលើ ដោយប្រើកម្លាំងមនុស្សយ៉ាងតិចចំនួន១៥នាក់ អូសផង ទាញផង និងរុញផង ដោយក្នុងមួយថ្ងៃៗអាចយកដុំថ្មបានតែចំនួនពី៦ទៅ៨ដុំប៉ុណ្ណោះ។លោក ឃាម មុនី មានប្រសាសន៍បន្ថែមទៀតថា ការអូសទាញដុំថ្មធំៗឡើងទៅលើខឿនរួតបាកាណនៅផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តនេះ មិនមែនជាការងារងាយស្រួសទេ ដោយក្រុមការងារត្រូវប្រើកម្លាំងអូសឡើងទៅលើ កម្ពស់ ប្រហែលពី៣០ទៅ៤០ម៉ែត្រ ហើយថ្មមួយដុំៗក៏មានទម្ងន់ធ្ងន់ប្រមាណ១៥០០គីឡូក្រាម។ការលំបាកក្នុងការអូសទាញថ្មធំៗឡើងដោយដៃមនុស្សនេះ គឺទាមទារបំផុតឱ្យក្រុមអ្នកជំនាញតស៊ូ ភាពអត់ធ្មត់ និងរិះរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសប្រកបដោយគុណភាពខ្ពស់មិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ព្រមទាំងគិតពីសុវត្ថិភាពនៃក្រុមការងារដែលកំពុងតែអនុវត្តផង៕AFN