ខេត្តសៀមរាប៖បើទោះបីជាធ្វើការងារជាអ្នកសម្អាតបរិស្ថាននៅតាមប្រាសាទបុរាណជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកធ្វើការងារនេះជាច្រើនមិនដែលត្អូញត្អែរពីភាពនឿយហត់ទេ មានតែសប្បាយចិត្ត ត្បិតបានបម្រើនិងថែទាំប្រាសាទ ថែមទាំងបានជួយលើកសោភ័ណភាពបរិស្ថានរបស់ប្រាសាទុំឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍ទៀតផង។
ក្រុមស្ត្រីជាច្រើន ដែលជាអ្នកបំពេញការងារសម្អាតតាមប្រាសាទបានចាត់ទុកបរិវេណនិងប្រាង្គប្រាសាទបុរាណនានាប្រៀបដូចជាផ្ទះរបស់ខ្លួនដែលត្រូវការថែទាំជាប្រចាំ។ប្រធានក្រុមការងារសម្អាតប្រាសាទតាព្រហ្ម អ្នកស្រី ហូ សារី រស់នៅភូមិស្រះស្រង់ បានឱ្យដឹងថា ក្រុមការងាររបស់គាត់មានគ្នាចំនួន២០នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បានបែងចែកការងារឱ្យទទួលខុសត្រូវរៀងៗខ្លួន។ ប្រធានក្រុមដដែលមានប្រសាសន៍ទៀតថា ការងារជាប្រចាំថ្ងៃរបស់ពួកគាត់ គឺបោសសម្អាតនៅក្នុងបរិវេណ និងក្រៅប្រាសាទ ដោយកាត់ស្មៅ បោសដីនៅតាមកម្រាលថ្មប្រាសាទ និងកម្រាលឈើជាដើម។ អ្នកស្រី ហូ សារី បញ្ជាក់ថា ការងារនេះមិនងាយស្រួលហើយក៏មិនពិបាកពេកទេ ដោយយោងទៅតាមរដូវកាល គឺខែប្រាំងសម្បូរស្លឹកឈើជ្រុះ និងខែវស្សាភ្លៀងធ្លាក់សម្អាតកាត់ស្មៅ និងបោសស្លឹកឈើ ព្រមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែង។អ្នកស្រី ម៉ៅ ហឿន រស់នៅភូមិស្រះស្រង់ខាងជើង ដែលធ្វើការជាអ្នកសម្អាតនៅប្រាសាទតាព្រហ្មប្រមាណ១០ឆ្នាំហើយ ឱ្យដឹងថា ជាប្រចាំអ្នកស្រីតែងទៅដល់កន្លែងការងារចាប់ពីម៉ោង៧ព្រឹក ដល់៥ល្ងាច។ ស្ត្រីដដែលបង្ហាញអារម្មណ៍ថា ការងារបោសសម្អាតនៅប្រាសាទតាព្រហ្មរយៈពេល១០ឆ្នាំកន្លងមកនេះ អ្នកស្រីមិនដែលមានអារម្មណ៍នឿយណាយសោះឡើយ។ ផ្ទុយទៅវិញមានតែការសប្បាយចិត្ត និងពេញចិត្តធ្វើការងារដោយក្តីស្រឡាញ់ រំភើប ព្រោះបានធ្វើឱ្យប្រាសាទបុរាណស្អាត ព្រមទាំងមានមោទនភាពចំពោះខ្លួនឯងដែលធ្វើឱ្យប្រាសាទបានស្អាតល្អ ដែលនាំឱ្យភ្ញៀវទេសចរមកទស្សនាមានការកោតស្ងប់ស្ញែង។ក្រុមការងារសម្អាតបរិស្ថានក្នុងប្រាសាទតាព្រហ្ម ក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមរួមគ្នាជួយថែរក្សាអនាម័យបរិស្ថាននៅក្នុង និងក្រៅប្រាសាទដើម្បីលើកកម្ពស់បរិស្ថាននៅក្នុងប្រាសាទតាព្រហ្មផ្ទាល់ រួមទាំងរមណីយដ្ឋានអង្គរទាំងមូលឱ្យមានសោភ័ណភាពល្អជានិច្ច៕ស.រ