ខេត្តស្ទឹងត្រែង៖សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកភូមិរស់នៅទីជនបទផ្អើលនាំគ្នាជិះគោយន្តទៅរកផ្សិត នៅពេលមានភ្លៀងធ្លាក់ដំបូងជោគជាំដី ទើបដុះនៅតាមព្រៃរបោះឬព្រៃស្រោងនិងទីវាលដីមានជីជាតិ ឆ្កឹះរុករកកកាយ យកមកហូបនិងលក់ខ្លះគ្រាន់បានរំលែកបន្ទុកគ្រួសារ។
លោកណយខុង មេឃុំព្រែកមាស ស្រុកសៀមប៉ាង បានបញ្ជាក់ថា ប្រជាកសិករភាគច្រើននៅរដូវនេះពួកគាត់ទៅរកផ្សិត បន្លែបង្ការធម្មជាតិទៅតាមព្រៃឆ្ងាយៗ ឬតាមតំបន់ព្រំដែន ស្ថិតនៅឆ្ងាយពីភូមិនិងកន្លែងរស់នៅប្រមាណពី ១០ទៅ២០គីឡូម៉ែត្រក៍មានដែរ។ លោកបន្តថា៖ នៅរដូវភ្លៀងធ្លាក់ជោគជាំដំបូងមានផ្សិតផក់ ហៅថាផ្សិតបាយ ឬផ្សិតស្បែក ដុះមុនគេ ហើយរំលងបានមួយខែក្រោយមក ទើបមានពពួកផ្សិតក្ងោក និង ផ្សិតអន្សោង ដុះមកបន្តបន្ទាប់ទៀត ។ ចំណែកប្រជាកសិករបាននាំគ្នាទៅរកយកមកបរិភោគ និងលក់ក្នុងមួយរដូវ អាចរកប្រាក់ចំណូលបានពីផលអនុផលព្រៃឈើនេះ ចាប់ពី៥០ម៉ឺនទៅ១លានរៀលផងដែរ ក្នុងមួយគ្រួសារ ។
ប្អូនស្រី វ៉ាត់ ពិ អ្នករកផ្សិតផក់រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ចាក់ ថា៖ដោយសារតែមួយរដូវមានម្តងផ្សិតផក់បាយ, ផ្សិតផក់ស្បែកនេះ ងាយស្រូលលក់ ក្នុងតម្លៃមួយគីឡូក្រាម លក់បាន១៥.០០០ទៅ២០.០០០រៀល។ លោកស្រីញឹមភីលី រស់នៅភូមិកាំងដីស អ្នកលក់ផ្សិតនេះបានបញ្ជាក់ថា៖ផ្សិតផក់បាយ, ផ្សិតផក់ស្បែកនេះលក់ចេញវិញមានតម្លៃ២៥.០០០ទៅ៣០.០០០រៀល ក្នុងមួយគីឡូក្រាម ហើយអ្នកបរិភោគច្រើនទិញយកទៅស្ងោរជាមួយសាច់មាន់- ឆ្អឹងជំនីជ្រូក -ឬស្លប្រហើរម្សៅជាដើម ។ កញ្ញា រីកង្រី រស់នៅឃុំកោះសំពាយស្រុកសៀមបូក បានបញ្ជាក់ថា៖ភ្ញៀវទេសចរឬប្រជាពលរដ្ឋដែលធ្លាប់បរិភោគមិនអាចមើលរំលងទេ ឱ្យតែដល់រដូវមានផ្សិត គឺត្រូវតែទិញយកទៅធ្វើម្ហូម ដូចជាស្ងោរជាដើម ដើម្បីបានស្គាល់រស់ជាតិក្នុងមួយឆ្នាំមានម្តង។
លោកវេជ្ជបណ្ឌិត ទន វុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានណែនាំថា អ្នកបរិភោគផ្សិតធម្មជាតិគ្រប់ប្រភេទត្រូវធ្វើអនាម័យ និងចំអិនឲ្យបានឆ្អិនល្អ ហើយ បើមិនស្គាល់ប្រភពច្បាស់លាស់ទេសូមកុំបរិភោគ ដើម្បីយើងលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែទាំសុខភាព។ សូមបញ្ជាក់ថា៖ ផ្សិតធម្មជាតិ មានច្រើនប្រភេទដូចជាផ្សិតផក់បាយ, ផ្សិតផក់ស្បែក ផ្សិតអន្សោង -ផ្សិតក្ងោក-ផ្សិតរងារ -និងផ្សិតកញ្ចូរ ជាដើម ដែលដុះទៅតាមរដូវ ក្នុងព្រៃភ្នំ ធម្មជាតិ ដែលមានដើមឈើធំខ្ពស់ៗជាដើម៕AFN