Thursday, November 28, 2024
Header Banner

អភិបាលខេត្តរតនគិរី ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តោយទន្លេស្រែពក

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតក្នុងស្រុកលំផាត់ និងស្រុកកូនមុំបច្ចុប្បន្នទឹកកំពុងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។លោកអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឲ្យបានត្រឹមត្រូវ។

ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ប៉ាន់ប្រមាណរហ័សអំពីផលប៉ះពាល់ ការបាត់បង់ ខូចខាត និងតម្រូវការដោយសារគ្រោះមហន្តរាយ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ គិតត្រឹមម៉ោង០១និង២១នាទីរសៀល ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាជាប្រចាំអំឡុងចុងខែកក្កដា  ឆ្នាំ២០២៣ នេះបានបណ្តាលឲ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន ដែលស្ថិតនៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងនូវការជន់លិចលង់ដោយសារជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ លើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាពលរដ្ឋ រួមមាន៖ទឹកជំនន់លិចចំនួន៣ស្រុក គឺស្រុកលំផាត់ស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ មាន ៧ ឃុំ ស្មើនឹង ១៥ ភូមិ  ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៣២៩ គ្រួសារ ស្មើនឹងមនុស្ស ១១៩៥នាក់ ស្រី ៦១០ នាក់ របួស ១នាក់។ ផ្ទះសម្បែងសរុប ចំនួន ៦៧ ខ្នង វត្តអារាម ចំនួន១។ដំណាំចម្ការ/ដំណាំរួមផ្សំចំនួន ១០០ ហិកតាសន្ទូង/ពង្គ្រោះ ចំនួន ១០៥ ហិកតា និងសំណាប ចំនួន ១០៣ ហិកតា។ ផ្លូវគ្រួសក្រហមប្រវែង ២៧៦៩ ម៉ែត្រ ស្ពានបេឡេត៍ចំនួន ៥ កន្លែង និងលូកាត់ផ្លូវ ចំនួន ១១ កន្លែង៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម