ខេត្តរតនគិរី៖របាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគីរី បានចេញសេចក្តីប្រកាសស្ដីពីសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៣កន្លែង មិនបានមកចូលរៀននៅស្រុកវើនសៃ ខេត្តរតនគីរី ខណៈជំនន់ទឹកភ្លៀងបានហូរចូលតាមអូរលិចផ្លូវ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនលោកបណ្ឌិតសភាចារ្យមេត្តាជ្រាបថា នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពអាកាសធាតុកំពុងបន្តធ្លាក់ភ្លៀងធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវទៅសាលាបឋមសិក្សាចំនួន៣កន្លែងក្នុងស្រុកវើនសៃ ជាមូលហេតុនៅឲ្យសិស្សានុសិស្សពិបាកក្នុងការធ្វើដំណើរ និងមិនបានមកសាលារៀន ក្នុងនោះមានគ្រូបង្រៀនចំនួន១០នាក់ ស្រី៤នាក់ និងសិស្សសរុប២៣៧នាក់ ស្រី១១៧នាក់។១- សាលាបឋមសិក្សាទៀមក្រោម គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់និងសិស្សចំនួន៩៤នាក់ ស្រី៥០នាក់។២- សាលាបឋមសិក្សាកាលឹម គ្រូបង្រៀនចំនួន៤នាក់ ស្រី២នាក់ និងសិស្សចំនួន៩២នាក់ ស្រី៤៥នាក់។៣- សាលាបឋមសិក្សាកាចូនលើ គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់និងសិស្សចំនួន៥១នាក់ ស្រី២២នាក់។គួររំលឹកផងដែរថា ចាប់ពីចុងខែកក្កដា មកដល់ថ្ងៃទី១-២-៣-៤ ខែសីហា ឆ្នាំ២០២៣នេះ មេឃនៅតែបន្តធ្លាក់ភ្លៀងដដែល ប៉ុន្តែទឹកទន្លេស្រែពកក៏បានស្រកបន្តិចខ្លះហើយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនហក់ឡើងយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ។ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្នគ្រាដែលមេឃនៅតែបន្តធ្លាក់ភ្លៀងដដែល៕ដោយ÷ សាវ័ន្ត