ខេត្តសៀមរាប៖កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ ធ្វើការ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ ចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់ ។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែសីហានេះថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំការស្រាវជ្រាវបង្ក្រាបដោយលោកផ្ទាល់ ឈានដល់ឃាត់ខ្លួនជនស្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ឆបោក(ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ)នៅស្រុកស្វាយលើ។ លោកនួន ស័ក្ដិចំរើនរិទ្ធ បន្តថា នៅក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលជំនាញបានឃាត់ជនសង្ស័យចំនួន០២នាក់។១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ពាក់ព័ន្ធករណី ឆបោក(ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) កើតហេតុចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ ខេត្តសៀមរាប ។
លោកបន្ថែមថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ ភេទប្រុស និងឈ្មោះ ចុត វេក ភេទប្រុស បានចុះមកផ្សព្វផ្សាយនៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ដល់ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកស្វាយលើ ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសះនះ ដើម្បីយកអថ័នសំរិទ្ធ មកលក់ ដោយតម្រូវអោយប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន៥០០០០រៀល និងបានប្រាក់ចំណេញមកវិញចំនួន៥០០០០ដុល្លាអាមេរិក ។ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុមដើម្បីប្រមូល ក្នុងឃុំស្វាយលើ មានចំនួន០៦នាក់ និងឃុំតាសៀម មានចំនួន០៣នាក់ ។ ក្នុងនោះមានចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់ ។ លោកបញ្ជាក់ថា យោងតាមការស្តាប់បំភ្លឺរបស់ប្រជាពលរដ្ឋ ចំនួន០២នាក់ ១. ឈ្មោះ ព្រៀន ខុន ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។២. ឈ្មោះ យ៉ាន់ ប៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
យោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ ទាំងពីរនាក់ខាងលើ បានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុង០១នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញ ចំនួន៥ម៉ឺនដុល្លារ២០ម៉ឺនរៀល បានមកវិញ២០ម៉ឺនដុល្លារអាមេរិក ពិតប្រាកដមែន ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប រឺបងប្អូនប្រជាពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាព ឆបោក ពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកលជនបោកប្រាស់ ដូចក្នុងករណីនេះ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចំណាត់ការតាមផ្លូវច្បាប់៕ស.រ