ខេត្តកណ្តាល៖សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបាញ់ប្រហារលើប្ដីប្រពន្ធពីរនាក់ ដែលកំពុងដេកនៅក្រោមផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម។
សមត្ថកិច្ចបន្តថា ករណីឃាតកម្មនេះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីទៀបភ្លឺម៉ោងប្រមាណជាង៣ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះដូចជា : ១. ឈ្មោះ ម៉ុច ម៉ៅ (ប្តី) , ២. ឈ្មោះ គល់ ហាន់ (ប្រពន្ធ)។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែសីហា នេះថា ករណីខាងលើជាករណីឃាតកម្ម។
សូមរម្លឹកថា កាលពីកន្លងទៅក្រុមគ្រួសារជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណចូលកាប់នៅក្នុងទ្រង់ទារបស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកដល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ឃើញនៅឡើយទេ។ លុះឥឡូវស្រាប់តែខ្មាន់កាំភ្លើង មកបាញ់ប្រហារទាំងពីរប្ដីប្រពន្ធខាងលើបន្ថែមទៀត៕M.C