Thursday, November 28, 2024
Header Banner

គ្រឿងញៀនចំនួន ១២០គីឡូក្រាម ដែលសមត្ថកិច្ច បង្ក្រាបមកពីខេត្ត ចំនួន៣ ត្រូវបានយកមកដុតបំផ្លាញនៅមុខសាលាខេត្តសៀមរាប!

ខេត្តសៀមរាប៖បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រឿងញៀនចំនួន១២០គីឡូក្រាម ដែលប្រមូលមកពីសាលាដំបូងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានធ្វើពិធីដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ «អ្វីៗដើមី្បប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និង មាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តសៀមរាប និង ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងទាំង៣ និង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្ស សរុប ៤០០នាក់ចូលរួម ។

ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប បានឡើងអានរបាយការណ៍គ្រឿងញៀន ដែលបានរឹបអូសយកមករបស់សាលាដំបូងទាំង៣ខេត្តត្រូវធ្វើការដុតបំផ្លាញនាថ្ងៃនេះមានប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ICE) និង ប្រភេទមេតំហ្វេតាមីន (WY) ស្មើ ១២៨គីឡូក្រាម ។

បន្ទាប់ពីលោក ពិន ប្រាកដ អភិបាលរងខេត្ត បានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីគោលបំណង នៃការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឡើង ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និង សមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបីនាពេលកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាល ។ ជាមួយនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ ផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានលើកផងដែរ អំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងសៀមរាប ចំពោះក្រុមឧក្រិដ្ឋជន បានចូលទៅរំដោះអ្នកទោសពាក់ព័ន្ធ ការជួញដូរគ្រឿងញៀន ដែលបានទៅព្យាបាលជម្ងឺធ្មេញ ដែលបានសបញ្ជាក់ឲ្យឃើញច្បាស់ជាបទឧក្រិដ្ឋមួយ ដែលនៅលើពិភពលោកបានកំពុងធ្វើការប្រយុទ្ធប្រឆាំង ដើមី្បសុខសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរសមត្ថកិច្ចក៏នមិន ឲ្យឧក្រិដ្ឋជនទាំងនោះរួចផុតពីសំណាញ់ច្បាប់ឡើយ ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា រាជដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

ជាក់ស្ដែងបានបន្តរឹតបន្តឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាលដាក់ចេញរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ ម៉្យាងទៀតគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្ម ភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និង ក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើងនិងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត ។

ក្នុងនោះដែរឯកឧត្តម ក៏បានផ្ញើសារអប់រំដល់ក្មួយៗ សិស្សានុសិស្ស និង យុវជនកម្ពុជាទាំងអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជួញដូរ ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន គឺជាការបំផ្លាញអនាគតខ្លួន ក្រុមគ្រួសារ សង្គមជាតិ ។ យុវជនដែលល្អ ចេះស្រឡាញ់ខ្លួន ស្តាប់ដំបូន្មានឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និង ចូលរួមគាំទ្រកំចាត់គ្រឿងញៀន៕ AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម