ខេត្តសៀមរាប៖កម្លាំងនគរបាលសង្កាត់ជ្រាវ សហការជាមួយកម្លាំងអធិការនគរបាលក្រុងសៀមរាប ព្រមទាំងពលរដ្ឋនិងកម្លាំងប្រជាការពារ ភូមិខ្នារ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបនារីម្នាក់បណ្ដាលឲ្យរងរបួសបម្រុងគេចខ្លួន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ ២០២៣នៅតាមបណ្ដោយផ្លូវបេតុងជិតសណ្ឋាគារសម្ដេចជាស៊ីម ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ទើបកម្លាំងសមត្ថកិច្ចជំនាញសហការគ្នាដេញឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆម ប៊ុននុត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើ មានស្រុកកំណើតភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងទីលំនៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។
លោកបន្តថា ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) បង្កឡើងដោយជនសង្ស័យខាងលើ បានបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ័ខ្មៅ ស៊េរី២០២៣ គ្មានផ្លាកលេខ ធ្វើសកម្មភាពឈប់ពីមុខម៉ូតូជនរងគ្រោះហើយកដៃខាងឆ្វេងឆក់កាបូបស្ពាយពណ៌ទឹកដោះគោម៉ាកL.Dចំនួន០១ ដោយក្នុងកាបូបមានប្រាក់ខ្មែរចំនួន៦៨០០០រៀល,ប្រាក់ដុល្លារចំនួន៣០ដុល្លាររបស់ជនរងគ្រោះឈ្មោះ នី ស៊ីណាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបោកអ៊ុត មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប។
ក្រោយពីធ្វើសកម្មភាពហើយ ជនសង្ស័យបានបើកម៉ូតូព្យាយាមរត់គេចក៏ទៅបុក និងរ៉ឺម៉កបណ្តាលអោយដួល ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះ ឃាត់បាន និងបានរាយការណ៍មកសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងបាន នាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង( កាបូបជនរងគ្រោះ ) យកមកសួរនាំ ។
ក្រោយពីសួរនាំជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះពិតមែន ។វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕AFN