ខេត្តសៀមរាប៖កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ រហូតដល់ចំនួន១៣នាក់ហើយ ករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅល្ងាចថ្ងៃទី២៣នេះថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំជំនាញនៃនគរបាលអគ្កស្នងការនគបាលជាតិ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ទើបកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន១៣នាក់ ពាក់ព័ន្ធករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។
លោកបន្តថា នៅវេលាម៉ោង១២០០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះអនុវត្តន៍ដីកាបញ្ចាឲ្យចូលខ្លួនជនសង្ស័យឈ្មោះ ប្រាក់ ចំរើន ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្ន:រស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ (រំដោះអ្នកទោសដោយក្រុមជនប្រដាប់អាវុធ) ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិចពេទ្យធ្មេញ ជុំ ចិន្ថា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប តាមការអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន លេខ៤០១ អ.យ.ឆ ចុះថ្ងៃច័ន្ទ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ ចេញដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលចុះអនុវត្តន៍ដីបញ្ជាឲ្យខ្លួនខាងហើយ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ខាន់ សុខា ហៅតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន:ភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប យកមកសាកសួរ ។ ក្រោយពីកម្លាំងសមត្ថកិច្ចយើងធ្វើការសាកសួរឈ្មោះ ខាន់ សុខា ហៅតឿ បានឆ្លើយសារភាពថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រូបខ្លួនបានចូលរួមរំដោះជនជាតិចិន ឈ្មោះ Chen Hsin Han ដោយឈ្មោះ ស៊ឹម សឿម (ត្រូវជាពូថ្លៃ)បានឲ្យខ្លួនបើកម៉ូតូចំនួន១គ្រឿង ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ផ្លាក់លេខ សៀមរាប 1AX-2307 ឱ្យចាំយកជនជាតិចិន នៅចំណុចគ្លីនិចពេទ្យធ្មេញ ជុំ ចិន្ថា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ដោយឈ្មោះ ស៊ឹម សឿម បានឲ្យប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លាអាមេរិក) នឹងសន្យាថា ពេលការងារចប់ នឹងឱ្យម៉ូតូដែលខ្ញុំជិះទៅឌុបជនជាតិចិន មកខ្ញុំជាកម្មសិទ្ធ រួមទាំងប្រាក់ចំនួន១០០០$(មួយពាន់ដុល្លាអាមេរិក)បន្ថែមទៀត។ដកហូតវត្ថុតាងបាន ម៉ូតូចំនួន២គ្រឿង ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប 1AX-2307 (ផ្លាកលេខក្លែងក្លាយ) .-និងម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប 1AX-3223 (ផ្លាកលេខក្លែងក្លាយ) ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងករណីនេះដែរ មហាជននិងអ្នកតាមដានបណ្ដាញសង្គម បានធ្វើការកោតសរសើរចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃខេត្តសៀមរាបក៏ដូចជា កម្លាំងជំនាញនៃអគ្គស្នងការនគរបាលជាតិ ដែលបានប្រឹងប្រែងស្រាវជ្រាវរហូតគាត់ខ្លួនបានជនសង្ស័យករណីរំដោះអ្នកទោស ដែលជាមេខ្លោងគ្រឿងញៀនដ៏ធំរហូតដល់១៣នាក់៕AFN