Thursday, November 28, 2024
Header Banner

បុរសម្នាក់បានស្លាប់នៅវាលស្រែនៅស្រុកពួក សង្ស័យឆ្លងឧបករណ៍ឆក់ត្រី

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ដើរឆក់ត្រីតាមវាលស្រែ ឆក់ខ្លួនឯងស្លាប់ដោយខ្លួនឯងសង្ស័យឆ្លងឧបករណ៍កែឆ្នៃឆក់ត្រី។ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង៧ និង៣០នាទីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៣ នៅចំណុចភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

ប្រភពពីពលរដ្ឋឈ្មោះរួន សេម រស់នៅភូមិឃុំខាងលើបានឲ្យដឹងថា នៅថ្ងៃទី ២៦ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៧: ០០នាទី រូបគេបានដើរមកពីមើលបង្កៃដាក់ត្រី នៅតំបន់ វាលស្រែខាងលិចភូមិប្រាសាទ ដោយដើរកាត់តាមវាលស្រែសំដៅទៅគោកចាស់ (ភូមិប្រាសាទ) លុះដើរដល់ត្រង់ផ្លូវឡើងគោកចាស់ជ្រុងខាងលិច ក៏បានឃើញមានមនុស្សស្លាប់ដោយមានស្ថានភាពផ្កាប់មុខបែរក្បាលទៅទិសខាងកើត នៅលើខ្នងមានស្ពាយអាគុយនិងដុំឆក់ត្រី(ឧប្បករណ៍កែរច្នៃ) រួមទាំងមានការុងដាក់ត្រីពណ៌សនៅក្បែរខ្លួន ឃើញដូចរូបគេ(រួន សេម) ក៏បានទៅរាយការណ៍ប្រាប់អាជ្ញាធរភូមិ និងសមត្ថកិច្ច ។

ឪពុកជនរងគ្រោះឈ្មោះយុត តឹង បានឲ្យដឹងថា នៅយប់កើតហេតុកូនរបស់គាត់(សព) មិនដឹងថារូបគេទៅឆក់ត្រីនៅម៉ោងប៉ុន្មាននោះទេ ហើយរូបគាត់មិនធ្លាប់ដឹងថាកូនរបស់គាត់ មានឧបករណ៍ឆក់ត្រីនោះទេ។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់មានស្ថានភាពផ្កាប់មុខ មានពិលឈួលបំភ្លឺនៅលើក្បាល នៅលើខ្នងមានស្ពាយអាគុយ និងឧបករណ៍ឆក់ត្រី(ដុំឆក់កែច្នៃ) មានការុងដាក់ត្រីពណ៌ស មួយនៅក្បែរខ្លួន។

ក្រោយមកយើងបានស្រង់សាកសព ទៅលើគោក ដើម្បីធ្វើការពិនិត្យឃើញ មានដងសំរាប់ឆក់ត្រី និងខ្សែភ្លើង(កុងតាក់សម្រាប់ចុច)ដែលជនរងគ្រោះក្តាប់ជាប់នៅដៃខាងឆ្វេង។លោកបន្តថា ការពិនិត្យសាកសពនៅកន្លែងកើតហេតុ សពមានសភាព រឹងដៃទាំងសងខាងក្តាប់ទាំងពីរ ស្នាមខ្លោចនៅបាតដៃខាងឆ្វេង ស្នាមខ្លោចកែងដៃខាងឆ្វេង និងខ្លោចខ្នងខាងឆ្វេង , ជារួមគ្មានស្លាកស្នាមអ្វីគួរឱ្យសង្ស័យ បទឃាតកម្ម នោះទេ។លោកបន្ថែមថា បន្ទាប់ពីពិនិត្យសាកសព យើងបានធ្វើការពិនិត្យលើឧបករណ៍ កែច្នៃ ឃើញមានអាគុយម៉ាកSAKURA ប្រភេទ៤០អំពារ ចំនួន០១ ដុំឆក់ត្រីកែឆ្នៃ ចំនួន០១ ប្រភេទដុំ ១២គ្រាប់ ។

លោកបញ្ជាក់ថា តាមការសន្និដ្ឋានជាបឋមបានថា ករណីខាងលើជនរងគ្រោះស្លាប់ដោយសារឆក់ដោយឧបករណ៍កែឆ្នៃស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន។បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម