ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បានទៅសុំប្រពន្ធ(អនីតិសង្វាសជន)ត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រម កើតភ្លើងប្រច័ណ្ឌ កាប់ប្រពន្ធជាច្រើនប៉័ងតោ បណ្តាលឲ្យរងរបួសរួចគេចខ្លួន ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នៅភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប នៅផ្ទះម្តាយម៉ីង។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង២៤និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បុរសជាប្តីបានទៅសុំប្រពន្ធ(អនីតិសង្វាសជន)ត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រម កើតភ្លើងប្រច័ណ្ឌ កាប់ប្រពន្ធជាច្រើនប៉័ងតោ បណ្តាលឲ្យរបួស ចំណែកជនបង្កបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបណ្តឹងជនរងគ្រោះ និងស្តាប់បំភ្លឺសាក្សីកម្លាំងនគរបាលជំនាញបានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនដៃដល់បាននៅចំណុចភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប យកមកសួរនាំ។
តាមការស្តាប់ចម្លើយឈ្មោះ ស៊ុ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ បានឆ្លើយសារភាពថា នៅអំឡុងឆ្នាំ២០១៩ រូបខ្លួននិងជនរងគ្រោះឈ្មោះ គង់ ដានី ភេទស្រី អាយុ ៤៨ឆ្នាំ បានរួមរស់ជាមួយគ្នាបែបអនីតិសង្វាសជន ហើយចាប់តាំងពីចុងឆ្នាំ២០២០ មកខ្លួនតែងតែមានទំនាស់ជាមួយជនរងគ្រោះជាបន្តបន្ទាប់ ដោយសារជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសផ្សេងទៀត។ក្រោយធ្វើសកម្មភាព ខ្លួនបានយកកាំបិតតាំងតោទៅបោះចោលនៅក្រោយផ្ទះជនងរងគ្រោះ ហើយបានបើកម៉ូតូគេចខ្លួនទៅផ្ទះម្តាយម៉ីងស្ថិតនៅភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ស.រ