Thursday, November 28, 2024
Header Banner

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច ជូនឯកឧត្តមប្រាក់ សោភ័ណ ទៅជាប្រធានគណបក្សប្រជាជនខេត្តសៀមរាប

ខេត្តសៀមរាប៖សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសតែងតាំងឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាបថ្មី ជំនួសឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្តម ប្រាក់ សោភ័ណ ជាអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋាន:ជាប្រធាន គណ:កម្មាធិការគណបក្សខេត្តសៀមរាប ។

ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សទាំងអស់ ដែលមានវត្តមានក្នុងពិធីប្រកាសនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ បើទោះបីជាប្រទេសជាតិ ស្ថិតក្នុងបរិបទជួបប្រទះបញ្ហា ដោយសារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក៏ដោយចុះគឺសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែខិតខំពុះពារស្តារឡើងវិញនូវវិបត្តិផ្សេងៗ ជាពិសេសខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋរួមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ និងឈានទៅឲ្យបើកដំណើរការប្រទេសជាធម្មតា ទៀតផង។ សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើឲ្យប្រធានគណបក្សខេត្តថ្មី ត្រូវផ្តោតលើការងារកសាងកម្លាំងថ្មី និង ពង្រីកបន្ថែមនូវសមាជិកគណបក្សបន្តទៀត ជាពិសេសក្នុងស្រទាប់យុវជន គឺសំដៅឈានទៅយកប្រៀបឈ្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តអាណត្តិដឹកនាំប្រទេស ដើម្បីថែរក្សសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។

ក្នុងនោះសម្តេចពិជ័យសេនា ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណដល់សមាជិកសមាជិកា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ដើមី្បបន្តកិច្ចដឹកនាំ និងអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់មូលដ្ឋាន។ សម្តេចក៏បានជម្រុញឲ្យឯកឧត្តមប្រធានគណបក្សខេត្ត យកចិត្តទុកដាក់ខ្ពស់ និងកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការណែនាំ និងគោលការណ៍របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្ម័ត្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ត្រូវយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់បងប្អូនល្អប្រសើរថែមទៀតផង៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម