ខេត្តរតនគិរី៖ នគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យម្នាក់ សកម្មក្នុងការលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង១៨ និង០០នាទី កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពាក់ព័ន្ធនិងករណីលួច (ស្រាដប និងកុំព្យូទ័រយួរដៃ)នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ក្រោយផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
ជនសង្ស័យឈ្មោះ នួន សារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ-ឃុំខាងលើ។ សមត្ថកិច្ចបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងជនរងគ្រោះទី១ ឈ្មោះ ថាវ សុហុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក កាលពីនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២ និង២៥នាទីទាបភ្លឺ នៅចំណុចអាហារដ្ឋាន ទ្រីថប ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចយកស្រាដបមានតម្លៃ និងភេសជ្ជៈមួយចំនួនធំ។ពាក្យបណ្តឹងជនរងគ្រោះទី២ ឈ្មោះ ឈួន ភីរម្យ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឡាបានសៀក ថា ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០១ និង ០០នាទីទាបភ្លឺ នៅចំនុចក្នុងបន្ទប់ទីចាត់ការសាលាសម្តេចក្រុមព្រះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងមានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូល កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង ។ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំងពីរខាងលេីរួចកម្លាំងប៉ុស្តិ៍ឡាបានសៀក និងកម្លាំងជំនាញព្រហ្មទណ្ឌក្រុងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ និងឈានដល់ការឃាត់យកមកសាកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបានលុង។ សមត្ថកិច្ចបានបញ្ជាក់ថា ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថាកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២ និង២៥នាទីយប់ ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចយកស្រាដប និង ភេសជ្ជៈមួយចំនួនធំ(បានធ្វើសកម្មភាពសរុបចំនួន៣លើក មិនចាំថ្ងៃ )នៅចំណុចអាហារដ្ឋាន ទ្រីថប ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ពិតប្រាកដមែន។ហើយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០នាទី ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទ្វារចូលលួចយក កុំព្យូទ័រយួរដៃចំនួន ១គ្រឿង ម៉ាកAsus ពណ៌ខៀវ នៅក្នុងបន្ទប់ទីចាត់ការសាលាសម្តេចក្រុមព្រះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ប្រាកដមែន។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈនិងវត្ថុតាងរួមមាន:-កុំព្យូទ័រយួរដៃម៉ាក ASus ចំនួន១គ្រឿង។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ដោយ÷ សាវ័ន្ត