ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បើកបររថយន្ត ០១គ្រឿង ម៉ាកហ៊ីណូ បានបុករះរបាំងពុះចែកទ្រូងផ្លូវជាតិលេខ៥ ដែលទើបស្ថាបនារួច ប្រវែង ២១៦ម៉ែត្រ ត្រូវរងខូចខាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៥និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខរោងចក្រលៀនហ្វាស្នាមព្រះ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី បានកើតឡើង បង្កឡើងដោយរថយន្ត ០១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-6074 សណ្តោងរ៉ឺម៉ក ពីក្រោយ ពណ៌ខៀវ ផ្លាកលេខរ៉ម៉ក ស្ទឹងត្រែង 4A-0006 បានបើកមកពីទិសខាងលិច ទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតរថយន្តទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងឃឿន ពុះចែកទ្រូងផ្លូវ ជាតិលេខ៥ ហើយម្ចាស់រថយន្តមានចេតនាបើករថយន្ត រត់គេចចេញពីកន្លែងកើតហេតុ បណ្ដាលឱ្យខូចខាតរបាំងទ្រូងផ្លូវអស់ប្រវែង ២១៦ម៉ែត្រ។
សមត្ថកិច្ចបន្តថា អ្នកបើករថយន្ត មានឈ្មោះ យឿង វីរៈ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន ខេត្តបាត់ដំបង លេខទូរស័ព្ទ÷ 096 522 1813 និងមានអ្នករួមដំណើជាមួយ ០១នាក់ ឈ្មោះ ឆេត ឆៃយ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិនរា ឃុំតាកុក ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ច បញ្ជាក់ថា មនុស្សទាំង០២នាក់ មិនមានរងរបួសទេ។
ជុំវិញករណីនេះ សមត្ថកិច្ច បានធ្វើតេស្តទឹកនោម ទៅលើអ្នកបើកបរ ឃើញថាអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន..។
បច្ចុប្បន្នអ្នកបើកបរ និងរថយន្ត ០១គ្រឿង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់៕AFN