Wednesday, November 27, 2024
Header Banner

ថ្ងៃទី៥កញ្ញា ប្រកាសចូលកាន់តំណែងអភិបាលខេត្តសៀមរាប ថ្មី!

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត បានធ្វើកិច្ចស្វាគមន៍ និង របាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ និងបានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនោះឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់ មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរនូវសមទ្ធិផលដែលឯកឧត្តម ទៀ សីហា ដឹកនាំកន្លងមក ធ្វើឲ្យខេត្តមានការប្រែមុខមាតថ្មី ហើយសមទ្ធិផលទាំងនេះ ក៏កើតឡើងពីប្រទេសមានសុខសន្តិភាព ហើយក៏សមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។ ក្នុងនោះដែរឯកឧត្តម បានលើកនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ព្រមទាំងចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផងដែរ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ឯកឧត្តមក៏បានលើកឡើងអំពីច្បាប់មួយចំនួន ដែលក្រសួងបានរៀបចំ ដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទងធនធានធម្មជាតិ ក្នុងគោលដៅដើមី្បធ្វើការអភិរក្សធនធានធម្មជាតិទាំងនោះ ។ ក្នុងនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់ឯកឧត្តមអភិបាលខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលលើការដឹកនាំ គ្រប់គ្រងបណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយអង្គការជាតិ អន្តរជាតិ និង យកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋ ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ លើពិភពលោក ចូលមកទស្សនាកម្សាន្ត៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម