ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងព័ត៌មាន នោះគឺការប្រែក្លាយក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលទំនើប រស់រវើក សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ នៅក្នុងកិច្ចប្រជុំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០រូប ទទួលបាននូវការផ្តល់ជូននិងការពន្យល់ពីភារកិច្ចនិងការងាររបស់ខ្លួនច្បាស់លាស់ពីឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់។
ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំក្រសួងព័ត៌មានគ្រប់រូបត្រូវបាន ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឲ្យភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីក្រសួងទាំងអស់ ក្នុងគោលដៅបង្កើនភាពស្និទស្នាល និងពង្រងឹងកិច្ចសហការការងារដើម្បីសម្រេចលទ្ធផលរួមគ្នា។ ក្នុងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅទ្វារបស់អគ្គនាយកដ្ឋានបច្ចេកទេសទាំង៥ ត្រូវបានបើកចំហរ ហើយថ្នាក់ដឹកនាំត្រូវអនុវត្តការងារដោយមានការប្រឹក្សាពីអគ្គនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តការងាររបស់ក្រសួងទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួងឱ្យបានដឹងថា ទន្ទឹមនឹងសេចក្តីសម្រេចផ្លូវការនានា ការបែកចែកតួនាទីជូនមន្រ្តី ត្រូវបានចាត់ទុកជាចំណុចអាទិភាព និងត្រូវបានធ្វើឡើងដោយឈរលើទិសស្លោក«ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដោយឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តនិងជំរុញមន្ត្រីទាំងអស់នៃក្រសួងព័ត៌មាន ត្រូវរួមសាមគ្គីគ្នា បំពេញកិច្ចការតាមជំនាញ នាដោយការយកចិត្តទុកដាក់ខ្ពស់ហើយប្រកបដោយគុណាធិបតេយ្យនិងគុណធម៌។ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្ចឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន បន្តពួតដៃគ្នាក្នុងដំណើរធ្វើការវែងឆ្ងាយមួយនេះ ដើម្បីផ្លាស់ប្តូរមុខមាត់ក្រសួងព័ត៌មាន និងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែប្រសើរទៀត៕AFN