ភ្នំពេញ៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលទើបប្រកាសចូលកាន់តំណែងកាលពីសប្ដាហ៍កន្លងទៅនេះ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានពន្ធនាគារ។
ជំនួបនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ថ្លែងក្នុងឱកាសនោះ លោក ឈន សាណាត បានរំលឹកឡើងអំពីស្នាដៃដែលជាការបន្សល់ទុករបស់ថ្នាក់ដឹកនាំជំនាន់មុន សម្រាប់មន្ដ្រីនៃអគ្គនាយកដ្ឋានពន្ធនាគារ ពិសេសអនុសាសន៍ណែនាំល្អៗ ដែលមន្ដ្រីទាំងអស់ត្រូវតែបន្ដអនុវត្ត សំដៅបន្ដពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវទៅតាមមុខងារតួនាទីភារកិច្ចរបស់ខ្លួន។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ មានសមាសភាពគណៈរដ្ឋមន្ត្រីភាគច្រើនជាបញ្ញវន្តវ័យក្មេង ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអ្នកបន្តវេនពោពេញ ទៅដោយកម្លាំងថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ដូច្នេះដើម្បី ឆ្លើយតបការងារក្នុងបរិបទនេះ ចាំបាច់ទាមទាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ទាំងប្រសិទ្ធភាព គុណ ភាព គុណវុឌ្ឍ និងល្បឿនការងារ ដែលបន្ស៊ីនឹងប្រព័ន្ធការងារបច្ចេកវិទ្យាឌីជីថល។នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ បានផ្តល់នូវអនុសាន៍ផ្តាំផ្ញើ ក្នុងនោះលើការងារពង្រឹងស្ថាប័ន និងការធ្វើពិពិធកម្មធនធានមនុស្សបន្ត ពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពនៅតាមបណ្តាអគ្គនាយកដ្ឋាននានា ព្រមទាំងមានផែនការរៀបចំឌីជីថលូបនីយកម្មនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងក្នុងអនុសាន៍ចុងក្រោយ លោកអភិសន្តិបណ្ឌិត មានសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំ លើស្មារតីទទួលខុសត្រូវប្រកប ដោយសុឆន្ទៈ ជំរុញឲ្យបេសកកម្មធំៗរបស់ក្រសួងមហាផ្ទៃ នៅក្នុងនីតិកាលទី៧នេះ សម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ជាមួយគ្នានេះ លោកឧត្តមអគារនុរក្សថ្នាក់លេខ១ ឈន សាណាត បានដាក់ចេញនូវការណែនាំបន្ថែម ចំនួន៥ចំណុចដើម្បីជាការដាស់តឿន ក្រើនរំលឹកដល់មន្ដ្រីទាំងអស់ រួមមាន៖*ទី១៖ ពង្រឹងលើកម្ពស់អនុវត្តច្បាប់ បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងច្បាប់ និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាននានា ដើម្បីតម្រង់ទិសលើការងារដឹកនាំ និងជំនាញ*ទី២៖ ភាពសុខដុមបនីយកម្មការងារ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន និងសាមគ្គីភាពផ្ទៃក្នុងកម្កល់ប្រយោជន៍អង្គភាពជាធំ*ទី៣៖ ចាត់វិធានការម៉ឹងម៉ាត់ចំពោះភាពអសកម្មរបស់មន្រ្តី ពិនិត្យ វាយតម្លៃ អំពីគុណវុឌ្ឈ ការងារដោយឈរលើសច្ចៈភាព តម្លាភាព និងគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់*ទី៤៖ បង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធិភាព ឆែកឆេរនៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំង ធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ ចំពោះ មុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើសឧក្រឹដ្ឋប៉ះពាល់សន្តិ សុខជាតិ រួមទាំងមុខសញ្ញាញុះញុងបង្កភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជា ពិសេស ជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលមានសមត្ថភាពជំនាញ អាចកែច្នៃ ឧបករណ៍បង្គុំទូរស័ព្ទដៃ ជាមធ្យោយទំនាក់ទំនងប្រព្រឹត្តបទល្មើស អំពើឆរបោកតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន (សៀវភៅគោលមុខវិជ្ជាចិត្តសាស្ត្រជនល្មើស)*ទី៥៖ ពង្រឹង និងពង្រីកសមត្ថភាពអនុវត្តមុខងាររបស់មណ្ឌលអប់រំកែប្រែ ដើម្បីលើកស្ទួយកម្ម វិធីស្តារនីតិសម្បទា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងសមាហរណកម្មជនជាប់ឃុំ ចូលទៅសហគមន៍វិញ។
លោក ឈន សាណាត សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត និងលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម និងមន្ត្រីពន្ធនាគារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាង សកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឲ្យអគ្គនាយកដ្ឋានពន្ធនាគារ សម្រេចបាន នូវលទ្ធផលថ្មីៗជាផ្លែផ្កានាពេលកន្លងមក យើងនឹងបន្តរួមគ្នាដើម្បីបន្តនិរន្តរភាពការងារប្រកបដោយ គុណវុឌ្ឍិស្របតាមចក្ខុវិស័យកំណែទម្រង់ពន្ធនាគារ៕AFN