ខេត្តសៀមរាប៖សិស្សានុសិស្សមានជីវភាពខ្វះខាត នៅសាលាបឋមសិក្សាមេជ្រៃ នៃតំបន់ទេសចរណ៍បឹងទន្លេសាប ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្ដសៀមរាប បានទទួលអំណោយសម្ភារៈសិក្សា និងថវិកា ដើម្បីជួយសម្រួលដល់ជីវភាព និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ពីសប្បុរសជនមកពីខេត្តស្ទឹងត្រែង។
នាយិកាសាលាបឋមសិក្សាមេជ្រៃ លោកស្រី ឈួន សុវណ្ណា បានឱ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្សនៃសាលាបឋមសិក្សាមេជ្រៃ មានជីវភាពខ្វះខាតប្រមាណ៩០% ក្នុងចំណោមសិស្សសរុប ២៤៨នាក់ ដែលបណ្ដាលឱ្យពួកគាត់ទៅសិក្សាមិនទៀងទាត់ ស្របពេលដែលទឹកជំនន់នៅបឹងទន្លេសាបកើនឡើង។
លោកស្រីបន្ថថា សាលាបឋមសិក្សាមេជ្រៃ ស្ថិតនៅលើផ្ទៃទឹក នៃបឹងទន្លេសាប ដោយប្ដូរទីតាំងទៅតាមទឹកឡើង និងស្រក ហើយបច្ចុប្បន្នក៏មានអង្គការវ័នឆា ជាដៃគូរជួយជ្រោមជ្រែងនូវអាហារពេលព្រឹក តាមរយៈការិយាល័យអប់រំស្រុកពួក និងមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប។លោកស្រីនាយកសាលាបឋមសិក្សាមេជ្រៃ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជន និងអាជ្ញាធរខេត្ដសៀមរាប ជាពិសេសសប្បុរសជននៅខេត្ដស្ទឹងត្រែង ដែលបាននាំយកថវិកា និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សនៅសាលានាពេលនេះ។ ជាមួយគ្នានោះអ្នកស្រី ក៏ដូចជាលោកគ្រូអ្នកគ្រូ ក៏សូមស្នើដល់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយសម្រួលដល់មធ្យោបាយដឹកជញ្ជូន ដូចជាទូកជាដើម ដើម្បីឱ្យមានភាពងាយស្រួលក្នុងការអប់រំទាំងគ្រូទាំសិស្សស្របតាមគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡាផង។លោក នួន សុផានេត គ្រូបង្រៀននៃសាលាបឋមសិក្សាមេជ្រៃ បានឱ្យដឹងថា ការសិក្សារបស់សិស្សានុសិស្សនៅតំបន់នេះ ត្រូវបានអាក់ខានច្រើន ដោយសារបញ្ហាខ្វះខាតក្នុងជីវភាពភាពគ្រួសាររបស់ពួកគាត់ ដូចជាខ្វះមធ្យោបាយធ្វើដំណើរ អាណាព្យាបាលឬឪពុកម្ដាយជាប់រវល់ទៅបំពេញការងារ ហើយសិស្សខ្លះនៅតូចមិនចេះហែលទឹក ខណៈដែលរដូវទឹកជន់ក្នុងបឹងទន្លេសាប។ ជាក់ស្ដែងការលំបាករបស់កុមារី ឆុង គន្ធា រៀនថ្នាក់ទីមួយ ត្រូវបានឪពុកម្ដាយធ្វើពោងស្នោរឱ្យជិះកាត់ទឹកជ្រៅទៅសាលារៀនទាំងប្រឈមនឹងគ្រោះថ្នាក់ជាដើម ប៉ុន្ដែក្រោយពេលមានជំនួយពីសប្បុរសជន កុមារីរូបខាងលើ ក៏បានធ្វើដំណើរទៅសិក្សាបានទៀងទាត់។
តំណាងសប្បុរសជនមកពីខេត្ដស្ទឹងត្រែង លោក មាស ផល្លា បានឲ្យដឹងថា អំណោយជាសម្ភារៈសិក្សា និងថវិកាដែលបាននាំយកមកប្រគល់ជូននាពេលនេះ គឺជាការចូលរួមចែករំលែកទុកលំបាករបស់ប្អូនសិស្សានុសិស្សនៃសាលាបឋមសិក្សាមេជ្រៃ ជាពិសេសគ្រួសារកុមារី ឆន គន្ធា ដែលកុមារីរូបដែលបានតស៊ូជិះពោងធ្វើពីស្នោរតាមខ្សែទឹកទៅសាលារៀនដោយមិនខ្លាចគ្រោះថ្នាក់នោះឡើយ។ តាមរយៈការតស៊ូនេះ លោកក៏ដូចជាសប្បុរសជនផ្សេងទៀត មានចិត្ដអាណិតអាសូរពីការលំបាករបស់កុមារី ទើបបានចូលរួមលើកទឹកចិត្ដដើម្បីឱ្យកុមាររីរូបនេះ និងប្អូនៗផ្សេងៗទៀតមានទឹកចិត្ដតស៊ូទៅរៀនបន្ដទៀត ទោះពួកគាត់ប្រឈមនឹងគ្រោះថ្នាក់នៅលើផ្ទៃទឹកក៏ដោយ៕ស.រ