ខេត្តបាត់ដំបង៖ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា ចាប់តាំងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញាមកនេះក្រុមឈ្មួញមួយចំនួនបានឆ្លៀតឱកាសបង្អាប់បន្ទាបតម្លៃផលស្រូវរបស់បងប្អូនប្រជាកសិករជាបន្តបន្ទាប់នាំឲ្យប្រជាកសិករក្នុងខេត្តបាត់ដំបង កើតមាននូវការព្រួយបារម្ភយ៉ាងខ្លាំងចំពេលដែលដំណាំស្រូវរបស់ពួកគាត់ចាប់ផ្តើមប្រមូលផលបណ្តើរៗដើម្បីលក់។
លោកបន្តថា ក្រោយពីកើតឡើងនូវបញ្ហាតម្លៃស្រូវធ្លាក់ទាបនេះរូបលោក ជាមួយឯកឧត្តម ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងបើកកិច្ចប្រជុំបន្ទាន់មួយ រវាងសមាជិក និងម្ចាស់រោងចក្រកែច្នៃស្រូវអង្កធំៗ ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ដើម្បីស្វែងរកយន្តការដោះស្រាយបញ្ហាស្រូវស្រាលដេីមរដូវធ្លាក់ថ្លៃនេះ។
ជាលទ្ធផលក្រោយជំនួបពិគ្រោះយោបល់គ្នាមន្ត្រីពាក់ព័ន្ធទាំងអស់បានដាក់ចេញនូវវិធានការទប់ស្កាត់មួយចំនួនរួមមាន: ស្នេីអោយក្រុមហ៊ុនកែច្នៃស្រូវអង្កខាងលេីទាំងអស់ចូលរួម និងជួយប្រមូលទិញស្រូវពីកសិករឲ្យទាន់ពេលវេលា ហើយក៏ផ្អែកតាមគុណភាពស្រូវផងដែរដោយស្រូវស្រង៉ែត្រូវប្រមូលទិញពីកសិករចាប់ពីតម្លៃ ១.១៥០.០០០រៀលឡេីងទៅក្នុងមួយតោន, ស្រូវសែនក្រអូប ប្រមូលទិញចាប់ពី ១.២៤៥.០០០រៀលឡេីងទៅក្នុងមួយតោន ខណ:ផលស្រូវចុងក្រោយនេះបានធ្លាក់ទាបបន្តិចក្នុងតម្លៃ៩០០.០០០រៀលនៅក្នុងមួយតោនៗ, ហើយត្រូវតាមដានភ្នាក់ងារ ឬម៉ូយដែលប្រមូលផ្គត់ផ្គង់អោយរោងម៉ាស៊ីនរបស់ខ្លួនចៀសវាងកុំអោយមានការទិញតម្លៃក្រោមពីការកំណត់ដែលបានដាក់ចេញជាវិធានការទប់ស្កាត់ ពិសេសត្រូវរួមគ្នាទប់ស្កាត់ចំពោះឈ្មួញខិលខូចមួយចំនួនដែលឆ្លៀតឱកាសបង្អាប់តម្លៃស្រូវរបស់កសិករក្រោមហេតុផលផ្សេងៗ និងចង់កេងចំណេញច្រើនជាដើម៕ដោយ៖ម៉េង ឆាយ