Wednesday, November 27, 2024
Header Banner

សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមត្តេយ្យ-បឋមសិក្សា ថ្នាក់ទី៦ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០២២-២០២៣

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមត្តេយ្យ-បឋមសិក្សា ថ្នាក់ទី៦ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០២២-២០២៣។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងមានការចូលរួមពីសំណាក់លោកស្រីអនុប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក លោកស្រី ភ្ញៀវកិត្តយស់ព្រមទាំងអាណាព្យាបាលសិស្សជាច្រើននាក់ចូលរួមផងដែរ។ លោកម៉ី ភារិទ្ធ នាយកសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយមានការដឹកនាំ និងចាត់ចែងដ៏ល្អរបស់ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយក ប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី បានធ្វើអោយមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពី សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកជាពិសេសពីសំណាក់មាតាបិតា សហគមជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សា កន្លងមក សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានការយកចិត្តទុកដាក់ ពង្រឹង និងជម្រុញលើវិន័យ សណ្តាប់ ធ្នាប់ ក្រមសីលធម៌រស់នៅបានល្អយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសកម្មវិធីសិក្សាប្រចាំឆ្នាំបានចប់សព្វគ្រប់ត្រឹមត្រូវតាម គោលការណ៍ និងការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាផងដែរ។

លោកបន្ថែមថា ក្នុងនាមខ្ញុំបាទជា នាយកសាខា ក៏ដូចជាជំនួសមុខអោយលោកប្រធានសូមការអនុញ្ញាតលើកឡើងនូវផែនការ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដូចខាងក្រោម ៖យកចិត្តទុកដាក់បន្ថែមក្នុងការអនុវត្តការសិក្សាដោយសម្រេចអោយបានជោគជ័យនូវទិសដៅអប់រំក្នុងឆ្នាំសិក្សា ២០២៣-២០២៤ខាងមុខនេះ ។បង្កើនការយកចិត្តទុកដាក់ និងជម្រុញសិស្សខ្សោយឲ្យទៅសិស្សមធ្យម សិស្សមធ្សមទៅល្អបង្គួរ ល្អបង្គួរទៅល្អ ។ បង្កើនការយកចិត្តទុកដាក់ លើការងារគ្រប់គ្រងការបង្រៀន និងរៀន របស់លោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ និង សិស្សានុសិស្ស ដើម្បីចូលរួមចលនាប្រលងប្រណាំង ការបង្រៀនល្អ និងការរៀនសូត្រល្អ អោយបាន ផុសផុល និងមានប្រសិទ្ធភាពខ្ពស់។បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងការប្រឹក្សាយោបល់ផ្នែក វិន័យសណ្តាប់ធ្នាប់ ក្រម សីលធម៌ និងការសិក្សារបស់សិស្ស ជាមួយលោក លោកស្រី ជាមាតាបិតា ឬអ្នកអាណាព្យាបាលឲ្យបាន ខ្ជាប់ខ្ជួន។ពង្រឹង និងជំរុញក្រុមប្រឹក្សាបច្ចេកទេស គរុកោសល្យ រដ្ឋបាល និងវិធីសាស្រ្តបង្រៀន សម្រាប់លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ ក្នុងដំណើរការបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាព។ពង្រឹងនិង ជំរុញកិច្ចសហការ និងទំនាក់ទំនងល្អ រវាងសាលា គ្រួសារ និងសង្គមជាពិសេសជាមួយ សហគមជាតិ អន្តរជាតិ និងមន្ទីរ អប់រំ យុវជន និង កីឡា ដើម្បីសំដៅសម្រេចអោយបានជោគជ័យនូវ ការអប់រំថ្នាក់ជាតិប្រចាំ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាបនេះផងដែរ។

ពង្រឹង និងជម្រុញឲ្យសិស្សកាន់តែយល់បន្ថែមពីកម្មវិធីសិក្សា STEM តាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡានាអណត្តិទី៧ ។បន្តការទប់ស្កាត់គ្រឿងញៀន E Cigarette អបាយមុខផ្សេងៗ ក្នុងបវេណសាលាឲ្យបានជាដាច់ខាត។បន្តការផ្តល់ប្រាក់ខែ និងអាហារូបករណ៌ជូនដល់សិស្សឆ្នើមប្រចាំខែក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។បន្តការផ្តល់អាហារូបករណ៍គ្រប់កម្មវិធីសិក្សាដល់កូនមន្រ្តីរាជការថ្នាក់ក្រោមជាតិ។ ឆ្លៀតឳកាសនោះដែរលោកបានសំណូមពរដល់ កូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់គ្រូពន្យល់ក្នុងការរៀនសូត្រ ដោយស្មារតីភ្ញាក់រលឹក ត្រូវបង្កើនការស្វ័យសិក្សាដោយខ្លួនឯង ដើម្បីក្រេបយកចំណេះ ដឹងអោយបានល្អប្រសើរ។

កូនៗត្រូវចេះរក្សាទំនាក់ទំនងល្អក្នុងចំណោមសិស្សានុសិស្សត្រូវគោរពអនុវត្តទៅតាម បទបញ្ជាផ្ទៃក្នុងសាលា គោរពតាមឳវាទរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងឪពុក ម្តាយ ដើម្បីកសាងខ្លួនអោយក្លាយជា កុមារ និង យុវជនសុភាពរាបសារ មានសុជីវធម៌ល្អ ក្នុងការរស់នៅមានចំណេះដឹងខ្ពង់ខ្ពស់ល្អទៅថ្ងៃអនាគត និងក្លាយជាមនុស្ស ឬពលរដ្ឋល្អដែលប្រទេសជាតិយើង កំពុងត្រូវការជាទីបំផុត ដើម្បីអភិវឌ្ឍ ប្រទេសអោយមានការរីកចម្រើនឡើងក្លាយទៅជាប្រទេសដ៏រុងរឿងមួយនាពេលខាងមុខនេះ។

លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវពិចារណាដែរនូវអ្វីដែលបានអនុវត្តល្អ និងបញ្ហាខ្វះខាតនានាក្នុងការគ្រប់គ្រងសាលារៀន ហើយត្រូវអភិវឌ្ឍន៍ឲ្យបាននូវកង្វះខាតទាំងនោះ ដើម្បីក្លាយទៅជាចំណុចល្អប្រសើរសម្រាប់ជាបទពិសោធន៍ និងគម្រូដល់អ្នកជំនាន់ក្រោយ។ រីឯក្មួសិស្សានុសិស្សត្រូវភ្ញាក់រលឹកឲ្យបានខ្លាំងក្លាថែមទៀត និងកែប្រែខ្លួនខិតខំរៀបអត្តចរឹតឲ្យបានសមស្របជាកុលបុត្រ កុលធីតា នៃមាតុភូមិអង្គរ ដែលជាប្រទេសមានអរិយធម៌ចំណាស់ថ្លៃថ្លា និងខ្ពង់ខ្ពស់តាំងពីបុព្វបុរសយើងរៀងមក និងត្រូវខិតខំបន្តក្រេបជញ្ជក់យកចំណេះវិជ្ជាតាមការបង្ហាត់បង្ហាញពីសំណាក់ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ មិត្តល្អ។

ក្នុងឱកាសនោះដែរលោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៅ សាលារៀន អារីហ្សូន ត្រូវមានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំបណ្តុះបណ្តាលឲ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សាឲ្យបានពូកែជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះការអប់រំសិស្សានុសិស្សត្រូវផ្តោតការយកចិត្តទុកដាក់នូវវិជ្ជាទាំងបី គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា៕ដោយ៖ ជុន កុសល

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម