Wednesday, November 27, 2024
Header Banner

អាជ្ញាធរខេត្តសៀមរាប ព្រមាននឹងចាត់វិធានការក្តៅប្រសិនបើសកម្មជនគណបក្សLDP នៅតែបន្តជួបជុំគ្នាដោយគ្មានច្បាប់ទម្លាប់!

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣នេះ មានធ្វើកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សា ករណីគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរស្រុក មានការពាក់ព័ន្ធផងដែរ ។

មានប្រសាសន៍នោះដែរ លោក នាក់ ណេរ៉ុន ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ស្ថាប័ន្ធ អង្គភាព ដែលប្រចាំការនៅតំបន់ភ្នំគូលែន ភូមិថ្មជល់ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីកន្លែងការប្រមូលផ្តុំអ្នកគាំទ្រ និង សកម្មជនមកពីបណ្តារាជធានី ខេត្ត របស់គណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ នៅចំណុចចំការ របស់លោក ខឹម វាសនា ដោយបាន គ្រប់គ្រងបានល្អ នូវរាល់សកម្មភាពនៃការចេញចូលរបស់សកម្មជនទាំងនោះ ។ លោកបានបន្តទៀតថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧មក ក្រុមអ្នកគាំទ្រ និង សកម្មជន LDP បានធ្វើសកម្មភាព ក្នុងការប្រមូលផ្តុំគ្នា នៅក្នុងភូមិ សាស្ត្រ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយពុំបានធ្វើការស្នើសុំច្បាប់អនុញ្ញាតិពីថ្នាក់មូលដ្ឋានឡើយ ដោយក្នុងមួយសប្តាហ៍ មកជួបជុំគ្នា៤ដង ។

លោកបានបន្តទៀតថា រាល់សកម្មភាពទាំងនេះ ជាសកម្មភាពបង្កនូវភាពអាណាធិបតេយ្យ ដែលបង្កឲ្យមានភាពអសន្តិសុខនៅ ក្នុងមូលដ្ឋាន និង សង្គម ដូចគ្នានឺងការប្រមូលផ្តុំនៅចំណុចចំការ របស់លោក ខឹម វាសនា កន្លងមក ។ លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានជឿងប់ទៅ តាមការឃោសនារបស់លោក ខឹម វាសនា ដែលនៅសេសសល់ប្រមាណជា ៣០០នាក់ មិនព្រមចាកចេញពីដីចំការ១២ហិកតា ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅដីចំការនោះ បានកំពុងរុករានទន្ទ្រានយកដីប្រជាពលរដ្ឋនៅជាប់តំបន់នោះទៀតផង ។

ក្នុងនោះដែរលោក នាក់ ណេរ៉ុន ក៏បានជម្រុញ និង ដាក់នូវវិធានការមួយចំនួន ដល់អាជ្ញាធរស្រុក កងកម្លាំងទាំងអស់ ត្រូវ អនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើមី្បរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច បន្តពង្រឹង និង ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ផងដែរ ។ កត្តាសំខាន់ដែលអាជ្ញាធរ និង សមត្ថកិច្ចត្រូវធ្វើ ការអនុវត្តជាបន្ទាន់នោះ លើការត្រួតពិនិត្យ ចំពោះគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ធ្វើការជួបជុំគ្នានេះ មានបានសុំច្បាប់ អនុញ្ញាតិពីអាជ្ញាធរមូលដ្ឋាន ទៅតាមផ្លូវច្បាប់ដែរឬទេ ។ តែចំពោះការជួបជុំគ្មានសុំការអនុញ្ញាតិពីអាជ្ញាធរនោះ គឺដាច់ខាតមិនឲ្យមានការប្រមូលផ្តុំនេះឡើយ ហើយបើមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរនោះទេ កម្លាំងសមត្ថកិច្ចត្រូវអនុវត្តទៅ តាមផ្លូវច្បាប់ ៕ AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម