Wednesday, November 27, 2024
Header Banner

អាជ្ញាធរសង្កាត់ស្វាយដង្គំ៖បណ្តឹងរបស់ពលរដ្ឋជាមួយមជ្ឍមណ្ឌលសច្ចៈ បានបញ្ចប់ទៅដោយរលូន

សៀមរាប៖នៅទីបំផុត អាជ្ញាធរមូលដ្ឋាននៃសង្កាត់ស្វាយដង្គំ បានអញ្ជើញពលរដ្ឋ និងតំណាងក្រុមហ៊ុនសច្ចៈ ដើម្បីដោះស្រាយ ករណីមែកឈើគ្របលើដំបូលផ្ទះ, កាត់ថ្ម និងឈូសឈើ ប៉ៈពាល់អ្នកជិតខាងនោះរួចរាល់ហើយ។

តំណាងពលរដ្ឋនៅភូមិថ្មីសង្កាត់ស្វាយដង្គំ បានឲ្យដឹងថាដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរសង្កាត់ ពួកគាត់ទាំងសងខាងបានយល់ព្រមបញ្ចប់នៅទំនាស់នឹងគ្នា។ ពលរដ្ឋបានថ្លែងអំណរគុណចំពោះអាជ្ញាធរសង្កាត់ស្វាយដង្គំ ដែលបានជួយដោះស្រាយនូវកង្វល់របស់ពួកគាត់បានទាន់ពេលវេលា ហើយសង្ឃឹមថា ក្រុមហ៊ុនសច្ចៈនិងអនុវត្តការប្រកបការងាររកស៊ីរបស់ខ្លួនដោយភាពសមធម៌មិនមានការបៀតបៀនអ្នកជិតខាង។

ពាក់ព័ន្ធនឹងករណីនេះដែរលោកស្រីជំនួយការ អគ្គនាយកក្រុមហ៊ុនសច្ចៈ បានមានប្រសាសន៍ឲ្យដឹងថា ករណីប្រជាពលរដ្ឋបានលើកឡើងថាមែកឈើបានគ្របដណ្តប់លើផ្ទះរបស់ពួកគាត់រាប់ឆ្នាំមកហើយនោះ ជារឿងពីមុនរបស់ម្ចាស់កម្មសិទ្ធិដីធ្លីនោះទេ ក្រុមហ៊ុនសច្ចៈ ទើបតែបានជួលបន្ត និងចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ នេះ ដែលគិតរយៈពេលជាង ៦ខែមកប៉ុណ្ណេះ។

លោកស្រីបន្តថា អ្វីដែលមានផលប៉ះពាល់ទៅដល់បងប្អូនអ្នកជិតខាងនៅក្នុងរោងសិប្បកម្មរបស់យើង ក្រុមហ៊ុនមានការគិតទុកជាមុន និងមានគម្រោងក្នុងការរៀបចំរួចរាល់ហើយ នៅចាំតែពេលអនុវត្តតាមផែនការថវិការបស់ក្រុមហ៊ុន។ ក្រុមហ៊ុនយល់ព្រមក្នុងការកាត់មេឃឈើក៏ដូចជានិងរៀបចំកុំឲ្យមានសម្លេងលឺខ្លាំង និងកែប្រែទៅលើបញ្ហាហុយជូនដល់ពលរដ្ឋជុំវិញរបស់ខ្លួន។ លោកស្រីគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនសច្ចៈ បានដំណើរការគឺដោយមានការជ្រោមជ្រែងពីអាជ្ញាធរ ពាក់ព័ន្ធដោយផ្ដោតទៅលើការជួយពលរដ្ឋដែលអត់ការងារធ្វើ ជាពិសេសសិប្បករ ដែលមានជំនាញគឺក្រុមហ៊ុនមានការលើកទឹកចិត្តដល់ពួកគាត់ ដើម្បីជួយលើកតម្លៃនៃកេរមរតកដូនតា ដែលបានបន្សល់ទុក មានសិប្បករមានជំនាញខ្ពស់នៅក្នុងការកែច្នៃវត្ថុនានា ដែលមានគ្រប់ទម្រង់នៅក្នុងវប្បធម៌របស់ខ្មែរ មានដូចជា តម្បាញសូត្រ ចំលាក់ថ្ម ចម្លាក់ឈើ ខ្មុក ម្រ័ក្សណ៍ និងគ្រឿងអលង្កាប្រាក់ជាដើម ដែលជាការច្នៃប្រឌិតថ្មី ប៉ុន្តែឈរលើមូលដ្ឋានរបស់អត្តសញ្ញាណជាតិ។

លោកស្រីបានសំណូមពរ បងប្អូនជិតខាងដែលជារបងដ៏សំខាន់បំផុត សូមឲ្យមានការយោគយល់អធ្យាស្រ័យគ្នា ហើយបើមានការអ្វីអាចជួបពិភាក្សាកគ្នាបានគ្រប់ពេលដោយសន្តិវិធី។

លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ បានមានប្រសាសន៍ឲ្យដឹងថា ករណីបណ្តឹងពលរដ្ឋនៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អាជ្ញាធរបានហៅភាគីទាំងសងខាងមកដោះស្រាយគ្នារួចរាល់ហើយ។ ដោយភាគីខាងសិប្បកម្មសច្ចៈ បានយល់ព្រមកែសម្រួលលើបញ្ហាសំលេងក៏ដូចជាបញ្ហាហុយដល់លំនៅឋានពលរដ្ឋនៅជុំវិញនោះផងដែរ។

លោកបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធរលោកតែងតែព្យាយាមជួយសម្របសម្រួលពលរដ្ឋមិនឲ្យមានទំនាស់នឹងគ្នានោះឡើយ ហើយលោកក៏មានការសប្បាយចិត្ត នៅពេលដែលពលរដ្ឋចេះយោគយល់គ្នាទៅវិញទៅមក។

ជុំវិញការលើកឡើងខាងលើនេះផងដែរ មន្ត្រីបរិស្ថាននៃខេត្តសៀមរាប បានឲ្យដឹងថា ចំពោះទីតាំងខាងលើមន្ត្រីជំនាញ ធ្លាប់បានចុះត្រួតពិនិត្យកាលមុនបើកអាជីវកម្មនិងបានណែនាំ និងបានឲ្យរៀបចំនៅរបៀបរបបធ្វើការរកស៊ីឲ្យត្រឹមត្រូវទៅតាមផ្លូវច្បាប់កុំឲ្យប៉ះពាល់ដល់អ្នកជិតខាង។

មហាជនលើកឡើងថា បន្ទាប់ពីជំងឺកូវីដ១៩ បានរាតត្បាតទូទាំងសាកលលោក ហើយកម្ពុជាបានរើបម្រាស់រួចបណ្តើរៗ។ដូច្នេះក្នុងនាមអ្នកជិតខាងនឹងគ្នាគួរតែមានការយោគយល់គ្នាឲ្យបានច្រើនបំផុតអាចធ្វើទៅបាន៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម