កំពង់ស្ពឺ៖ក្រុមសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅមិនទាន់អាចបំបែកសំណុំរឿងឃាតកម្មវាយសម្លាប់មនុស្សញាត់ចូលវ៉ាលីដឹកយកទៅបោះចោលក្នុងព្រៃជាប់ដងផ្លូវជាតិលេខ៤នៅឡើយទេ ។ដែលករណីនេះត្រូវបានគេប្រទះឃើញជាង១ថ្ងៃមកហើយ។
ទោះបីជាបែបនេះក៏ដោយចុះ ចាប់តាំងពីប្រទះឃើញសាកសពបុរសរងគ្រោះ ក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក ។សមត្ថកិច្ច បានឲ្យដឹងថា ចាប់តាំងពីមានបទល្មើសមនុស្សឃាតនេះភ្លាម កម្លាំងជាច្រើននាក់រួមទាំងរថយន្តស៊ីរ៉ែន បានបង្កើនការចេញល្បាតនៅតាមផ្លូវជាតិលេខ៤ និងធ្វើការរុករកនៅតាមផ្លូវលំក្នុងភូមិសាស្ត្ររហូតដល់ម៉ោង៤ទាបភ្លឺដោយសហការជាមួយ ក្រុមសមត្ថកិច្ចស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដែលជាម្ចាស់ករណីផងដែរ។
សូមរម្លឹកផងដែរថា សាកសពបុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណច្រកចូលក្នុងវ៉ាលីហើយដឹកតាមរថយន្តយកទៅបោះចោលនៅក្នុងព្រៃជាប់ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ១០៤-១០៥ ស្ថិតនៅភូមិ ៦ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី។ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងដឹងដល់ក្រុមសមត្ថកិច្ចនេះ បានកើតមានឡើងនៅម៉ោង២និង២០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ តាមព័ត៌មានពីប្រជាពលរដ្ឋនិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង មិនស្គាល់ម៉ាក បានឈប់អែបចិញ្ចើមផ្លូវ បន្ទាប់មកឃើញមានមនុស្សបើកទ្វាចុះហើយលើកវ៉ាលីពណ៌ខ្មៅមួយមានទំហំធំ បោះចូលព្រៃជាប់ផ្លូវជាតិលេខ ៤ ប្រហែល ៦ម៉ែត្រ ហើយបើកចេញទៅបាត់យ៉ាងលឿន ពេលឃើញបែបនេះប្រជាពលរដ្ឋ ពួកគាត់មានការសង្ស័យមិនហ៊ានទៅបើកមើលនោះទេ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មានភ្លាមពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ហើយបានទាញយកវ៉ាលីឡើងមកលើពិនិត្យ ក្នុងវ៉ាលីមានថង់ខ្មៅរុំសាកសព ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ។ សាកសពពាក់អាវយឺតដៃវែងពណ៌ស្រដៀងឈាមជ្រូក(ប្រឡាក់ឈាមមើលមិនច្បាស់ពណ៌) និងស្លៀកខោជើងវែងពណ៌ខ្មៅ សពមានសភាពប៉ោងភ្នែកនិងរយះមុខជាច្រើនកន្លែងដោយត្រូវនិងវត្ថុរឹង និងមានឈាមហូរប្រឡាក់អាវជោក។
បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការវេចខ្ចប់ សាកសពខាងលើបញ្ជូនទៅខាងជំនាញបច្ចេកទេសកោសល្យវិច័យក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងស្រាវជ្រាវតាមជំនាញបន្ថែមទៀត៕កោះស្នេហ៍