ខេត្តសៀមរាប ៖នៅទីបំផុតកម្លាំងនគរបាលក្រុងសៀមរាប បានស្រាវជ្រាវរកឃើញជនសង្ស័យម្នាក់ដែលតែងតែកាត់ខ្សែភ្លើងរដ្ឋនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប យកទៅលក់អេតចាយ នោះតាមពិតជាបុគ្កលិកសន្តិសុខនៅក្រុមហ៊ុន១ក្នុងខេត្តសៀមរាប ផងដែរ។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការគរបាលក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២១នេះថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យុទ្ធ ធា ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនថែរក្សាភ្លើង រស់នៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលក្រុងសៀមរាប បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហោ ហ៊ាន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅបច្ចុប្បន្ននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបន្តថា តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ពិតប្រាកដមែន ។វត្ថុតាងដកហូតរួមមាន ៖- កូនសោកែច្នៃសម្រាប់ដោះប្រអប់ភ្លើងមួយចំនួន- ទួរណឺវីសចំនួន ០១- កន្រ្តៃដងក្រហមចំនួន ០១- កូនកាំបិតកាត់ខ្សែភ្លើងចំនួន ០១- ប៉ិចសម្រាប់វាស់ភ្លើងចំនួន ០១- ការ៉ុងចំនួន ០១
– ម៉ូតូជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕AFN